ដោយៈ គង់ សិរីជេស៊ីកា
ព្រះសីហនុៈ ទីក្រុងព្រះសីហនុ កំពុងស្វាគមន៍ទីក្រុងថ្មីមួយទំហំជាង៨០០ហិកតា ជាមួយទុនវិនិយោគប្រមាណ១៦ពាន់លានដុល្លារអាមេរិក។
លោក Edward Lee នាយកប្រតិបត្តិនៃក្រុមហ៊ុនPrince Real Estate ដែលបាននិងកំពុងអភិវឌ្ឈន៍គំរោងនេះយ៉ាងសកម្មបានថ្លែងឲ្យដឹងកាលពីសប្តាហ៍មុនថា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងព្រះសីហនុ និងគម្រោងវិនិយោគ Bay of Lights New Township តម្លៃ១៦ពាន់លានដុល្លារ ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨។
-->
លោកបញ្ជាក់ថា “គម្រោងនេះ មានគោលបំណងប្រែក្លាយតំបន់នេះ ទៅជាទីក្រុងឆ្នេរសមុទ្របៃតង ដែលត្រូវបានរំពឹងថា នឹងជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងរួមចំណែក ដល់ការអភិវឌ្ឍន៍ខេត្តព្រះសីហនុឡើងវិញ”។
លោក Edward បញ្ជាក់ថា លោកបានធ្វើដំណើរ ទៅកាន់ក្រុងព្រះសីហនុ ជារៀងរាល់សប្តាហ៍ ដើម្បីពិនិត្យមើលគម្រោង ដែលយើងកំពុងអភិវឌ្ឍ ហើយទីក្រុងនេះ កំពុងចាប់ផ្តើមដំណើរការសកម្មឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលក៏កំពុងអនុវត្តន៍គំនិតផ្តួចផ្តើម ប្រតិបត្តិការអគារមិនទាន់សាងសង់បញ្ចប់ ដែលអាចផ្តល់អត្ថប្រយោជន៍ ដល់អ្នកអភិវឌ្ឍន៍ក្នុងស្រុក ឬអន្តរជាតិ ដែលអាចកាន់កាប់គម្រោងនេះ”៕