រដ្ឋបាលខេត្តព្រះសីហនុកំពុងព្យាយាមរកដំណោះស្រាយ បញ្ហាបុរីវីអាយភី

0

ដោយៈ ហ្វីអូណា

        ភ្នំពេញៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន អភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំដោះស្រាយសម្របសម្រួ​លករណីវិវាទរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន បុរី វីអាយភី ពាក់ព័ន្ធការអនុវត្តកិច្ចសន្យាទិញ-លក់ផ្ទះ មានទីតាំងស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

កិច្ចប្រជុំនេះធ្វើឡើង ដើម្បីជម្រុញការរកដំណោះស្រាយបញ្ហារបស់បុរី វីអាយភី ដែលបានធ្វើការសាងសង់ផ្ទះ និងលក់ជូនអតិថិជននៅពេលកន្លងទៅ។

ដោយមានបញ្ហាវិបត្តិជាបន្តបន្ទាប់ ធ្វើឱ្យបងប្អូនអតិថិជនបាត់​បង់ទំនុកចិត្តដល់ម្ចាស់បុរី ហើយម្ចាស់បុរី មានការពាក់ព័ន្ធជាមួយម្ចាស់បំណុលផ្សេងទៀតថ្ងៃនេះ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំ សម្រុះសម្រួលឱ្យមានការឯកភាពគ្នា រវាងភាគីម្ចាស់បំណុល និងក្រុមហ៊ុន បុរី វីអាយភី ដើម្បីបន្តការសាងសង់ជូនអតិថិជន។

រដ្ឋបាលខេត្តព្យាយាមរកបញ្ហាប្រឈម ដើម្បីរកដំណោះស្រាយជូនបងប្អូនអតិថិជន ភាគីម្ចាស់ បំណុល និងក្រុមហ៊ុន ថ្ងៃនេះ រដ្ឋបាលខេត្ត ចង់ដឹងពីភាគីម្ចាស់បំណុលណាមួយ ដែលស្ម័គ្រចិត្តចូលរួមសហ ការសាងសង់សំណង់បុរីនេះ បន្តជូនបងប្អូនអតិថិជន។

តាមលិខិតអនុញ្ញាតសាងសង់ ម្ចាស់សំណង់គ្រោងសាងសង់ផ្ទះ ល្វែងសរុបចំនួន៤០០៥ល្វែង និងអគារចំនួន៨ តាមការពិនិត្យជាក់ស្តែង ម្ចាស់សំណង់សាងសង់បានចំនួន១៤៣៨ល្វែង ហើយម្ចាស់ផ្ទះបានបន្តសាងសង់ខ្លួនឯងចំនួន៣៨ល្វែង។អង្គប្រជុំបានធ្វើការបូកសរុប និងសម្រេចដូចជា

ទី១-ស្នើឱ្យភាគីម្ចាស់បំណុលទាំងអស់ ត្រូវដោះស្រាយជាអាទិភាពតែបំណុល ដែលពាក់ព័ន្ធនឹងក្រុមហ៊ុន បុរី វីអាយភី ក្នុងខេត្តព្រះសីហនុ កុំទាន់យកបំណុលផ្សេងដែលមិនពាក់ព័ន្ធមកបូកបញ្ចូលគ្នា

ទី២-ម្ចាស់បំណុលទាំងបីយល់ព្រមសហការ បន្តវិនិយោគសាងសង់សំណង់បុរី ដើម្បីដោះស្រាយជូនអតិថិជន ប៉ុន្តែផ្តល់អាទិភាពជូនលោកជំទាវ សេង រួចលាង ជាអ្នកបន្តគម្រោងសាងសង់។

ទី៣- ជូនលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំក្រុមការងារចុះពិនិត្យ ទីតាំងដីក្រុមហ៊ុន បុរី វីអាយភី ជាមួយម្ចាស់បំណុល ដោយមានការចូលរួមពីរដ្ឋបាលស្រុកព្រៃនប់ ភាគីក្រុមហ៊ុន បុរី វីអាយភី និងតំណាងប្រជាពលរដ្ឋ ចាប់ពីថ្ងៃស្អែកតទៅ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here