ដោយ: គង់ លាងហួរ
ភ្នំពេញ: ថ្នាក់ដឹកនាំធុរកិច្ចជប៉ុន ឈានមុខគេមួយរូបនៅកម្ពុជាបានមានប្រសាសន៍ថា បរិមាណនៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) មកពីប្រទេសជប៉ុននឹងដើរស្របគ្នាជាបណ្តើរៗ ជាមួយនឹងលំហូរមកពីប្រទេសចិនចូលកម្ពុជា។
លោក Tsuboya Masayuki នាយកគ្រប់គ្រងក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា លីមីតធីត បានធ្វើការសង្កេតបែបនេះ ខណៈថ្លែងនៅខាងក្រៅព្រឹត្តិការណ៍ចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា (MoU) ដែលធ្វើឡើងនៅមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC)។
អនុស្សរណៈដែលបានចុះហត្ថលេខា រវាងមជ្ឈមណ្ឌល(CJCC) និងផ្សារទំនើបអ៊ីអន មានគោលបំណងជួយដល់សហគ្រិន ដែលកំពុងរីកចម្រើននៅកម្ពុជា។
-->
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កម្ពុជាទទួលបានលំហូរ FDI ចំនួន៤,៦៨ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដែលជាការកើនឡើង៧,៥% ធៀបនឹងឆ្នាំ២០២១ ក្នុងនោះប្រទេសសិង្ហបុរី និងចិន គឺជាប្រភពផ្តល់លំហូរវិនិយោគឈានមុខគេចូលមកកម្ពុជា ដែលជំរុញដល់វិស័យជាច្រើនរួមមាន វាយនភ័ណ្ឌ ស្បែកជើង ស្បែក និងឧស្សាហកម្មបច្ចេកវិទ្យា។
ទោះបីជាកម្ពុជាទទួលបានមូលនិធិវិនិយោគ ពីប្រទេសជប៉ុនយ៉ាងណាក្តី ប៉ុន្តែវាមានបរិមាណតិចជាង បើប្រៀបធៀបទៅនឹងបណ្តាប្រទេសមួយចំនួនទៀត ដូចជា ប្រទេសចិន សិង្ហបុរី ឬសហរដ្ឋអាមេរិក។
លោក Tsuboya Masayuki បន្តទៀតថា “និន្នាការនេះនឹងផ្លាស់ប្តូរ ហើយលំហូរFDIកាន់តែច្រើន នឹងចាប់ផ្តើមហូរចេញពីប្រទេសជប៉ុនចូលមកកម្ពុជា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ខណៈទំនាក់ទំនងការទូតដ៏ល្អ រវាងប្រទេសទាំងពីរនឹងដើរតួជាសសរស្តម្ភសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងលំហូរវិនិយោគ”។
លោក Tsuboya បានវាយតម្លៃថា លំហូរ FDI របស់ប្រទេសចិនចូលកម្ពុជាមានកម្រិតខ្ពស់ជាងជប៉ុន គឺដោយសារកត្តាពេលវេលា។ លោកបញ្ជាក់ថា “វិនិយោគិនចិន បានចាប់ផ្តើមស្វែងរកឱកាសវិនិយោគនៅកម្ពុជាយ៉ាងល្អ មុនពេលអ្នកវិនិយោគជប៉ុន បានស្វែងរកឱកាសនៅកម្ពុជា”។
លោកបានសង្កត់ធ្ងន់ទៀតថា “ប៉ុន្តែបច្ចុប្បន្ននេះ វិនិយោគិនជប៉ុនកំពុងស្វែងរកឱកាសវិនិយោគ នៅក្នុងប្រទេសកម្ពុជាជាបណ្តើរៗ ហើយយើងអាចមើលឃើញលំហូរ វិនិយោគពីប្រទេសរបស់ខ្ញុំកើនឡើងនៅថ្ងៃខាងមុខ ដែលអាចស្មើទៅនឹងចំនួននៃលំហូរ FDI មកពីប្រទេសចិន”៕