ដោយៈ សុខុម
វៀងចន្ទន៍: គម្រោងផ្លូវដែកឡាវ-ថៃ ត្រូវបានរំពឹងថានឹងចាប់ផ្តើមដំណើរការនៅឆ្នាំ២០២៣នេះ បន្ទាប់ពីដំណាក់កាលទី២ នៃការស្ថាបនាផ្លូវដែកនេះត្រូវបានបញ្ចប់។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា។
កាសែត Vientiane Times បានចុះផ្សាយថា ដំណាក់កាលទី២ នៃគម្រោងស្ថាបនាផ្លូវដែកឡាវ-ថៃ ត្រូវបានបញ្ចប់ហើយ ហើយបច្ចុប្បន្នកំពុងរង់ចាំកិច្ចព្រមព្រៀង ផ្ដល់អាជ្ញាប័ណ្ណសម្រាប់រថភ្លើងឡាវ-ថៃ មុនពេលបើកដំណើរការជាសាធារណៈ។
-->
ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងផ្លូវដែកនេះនិយាយថា “យើងរំពឹងថានឹងបើកដំណើរការសេវារថភ្លើងនេះ នៅចន្លោះខែសីហា ដល់ខែតុលា។
ផ្លូវដែកឡាវ-ថៃ បានចាប់ផ្តើមការស្ថាបនាក្នុងឆ្នាំ២០១៩ ហើយត្រូវបានរំពឹងថានឹងបញ្ចប់នៅឆ្នាំ២០២១ ប៉ុន្តែដោយសារមានការពន្យារពេលខ្លះ ទីបំផុតគម្រោងនេះត្រូវបានបញ្ចប់ នៅរយៈពេល២ឆ្នាំក្រោយមកទៅវិញ។

គណៈប្រតិភូថៃ បានចុះទៅពិនិត្យមើល គម្រោងតភ្ជាប់ផ្លូវដែកឡាវ-ចិន កាលពីខែមករា ហើយបានពិភាក្សាអំពីការសិក្សាសមិទ្ធលទ្ធភាពតភ្ជាប់ផ្លូវដែកចិន-ឡាវ-ថៃ ដែលនឹងជួយកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញពី៣០%ទៅ៥០% ក្នុងរយៈពេលពី៣ឆ្នាំទៅ៥ឆ្នាំខាងមុខ។

ផ្លូវដែកឡាវ-ថៃ និងផ្លូវដែកឡាវ-ចិន ត្រូវបានគ្រោងទុកជាផ្នែកនៃបណ្តាញផ្លូវដែក ក្នុងតំបន់ដែលនឹងតភ្ជាប់ប្រទេសចិន ទៅកាន់ប្រទេសសិង្ហបុរី តាមរយៈប្រទេសឡាវ ថៃ និងម៉ាឡេស៊ី៕ Laotian Times៕
