មន្រ្តីជាន់ខ្ពស់IMFអះអាងថាដៃគូពាណិជ្ជកម្មធំៗរបស់កម្ពុជាអាចនឹងមានភាពប្រសើរនៅឆ្នាំនេះ

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ លោក Davide Furceri ប្រធានក្រុមបេសកកម្មថ្មី នៃមូលនិធិរូបិយប័ណ្ណអន្តរជាតិបានថ្លែងថា ភាពប្រសើរនេះ នឹងអាចជួ​យជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចកម្ពុជាមួយកម្រិត តាមរយះការងើបឡើងវិញនៃវិស័យនាំចេញ កំណើននៃវិស័យសេវាកម្ម ទេស​ចរ និងវិស័យឧស្សាហកម្ម មិនមែនកាត់ដែរ។

លោកបន្តថា ជារួម ទោះបីជាសេដ្ឋកិច្ចសកលហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាក្តី សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ បន្តរក្សាបានកំណើនមួយល្អប្រសើរ បើប្រៀបធៀបនឹងបណ្ដាប្រទេសក្នុងតំបន់ ដោយសារការវិលត្រលប់ទៅរកប្រក្រតីភាពវិញយ៉ាងឆាប់រហ័សនៃសកម្មភាពសង្គម-សេដ្ឋកិច្ច តាមរយះការដាក់ចេញនូវវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល សំដៅបន្ធូរបន្ថយផលប៉ះពាល់នានាមកលើសង្គមសេដ្ឋកិច្ច ព្រមជាមួយនឹងការរំពឹង ទុកការងើបឡើងវិញនៃប្រទេសដៃគូពាណិជ្ជកម្មកម្ពុជា។ លោក Davide Furceri បានលើកឡើងបែបនេះ ក្នុងជំនួ​បជាមួយលោកឧបនាយករដ្ឋមន្រ្តីអូន ព័​ន្ឋមុនីរ័ត្នរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីដើមសប្តាហ៍នេះ។

ក្នុងជំនួបខាងលើនេះ លោកបានបញ្ជាក់ពីការ បន្តគាំទ្រក្នុងការផ្តល់ជំនួយបច្ចេកទេសនានា ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រី។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងពីសារសំខាន់នៃបេសកកម្មរបស់មន្ត្រី នៃមូលនិធិរូបិយវត្ថុអន្តរជាតិ នាពេ​ល​នេះ ក្នុងខណៈដែលកម្ពុជា កំពុងរៀបចំក្របខណ្ឌគោលនយោ​បា​យម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណះ ឆ្នាំ ២០២៤ និងក្នុងបរិការណ៍ ដែលស្ថានភាពសេដ្ឋកិច្ចតំបន់ និងសកល បាន និងកំពុងហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់ ដែលបង្កឡើង ដោយភាពមិនអំណោយផល នៃភូមិសាស្ត្រនយោបាយ សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន ការបន្តរឹតបន្តឹងគោលនយោបាយរូបិយវត្ថុ, ការបែកខ្ញែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច, និងកំណើនយឺតជាងការរំពឹងទុកនៃសេដ្ឋកិច្ចប្រទេសអភិវឌ្ឍន៍ ជាដើម ។

លោកបញ្ជាក់ថា “កក្តាទាំងនេះ បានជះឥទ្ធិពលអវិជ្ជមានមកលើសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណះកម្ពុជាផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here