ធនាគារពិភពលោកកំពុងផ្តល់ហិរញ្ញប្បទានលើការគ្រប់គ្រងបរិស្ថាននៅខេត្តចំនួន៧

0

ដោយៈ ហ្វីអូណា

ភ្នំពេញៈ គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំ ការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជន​បទ។

គំរោងនេះ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានគោលបំ​ណ​ង ធ្វើឱ្យប្រសើរនូវការគ្រប់គ្រង តំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការ អភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។

នាពេលបច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយ  គាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួន៣០ នៅក្នុងខេត្តគោលដៅទាំង៧ រួមមាន៖ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។

កាលពីថ្ងៃទី១១ ឧសភាកន្លងមកនេះ ក្រុមការងារសុវត្ថិភាពបរិស្ថាន និងសង្គម បានសហការជាមួយក្រុមការងាររដ្ឋបាល និងហិរញ្ញវត្ថុ នៃគម្រោង “និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា” ហៅកាត់ថា (CSLEP) បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការធានាសុវត្ថិភាពបរិស្ថាន និងសង្គម” នៅទីស្តីការក្រសួងបរិស្ថាន។

កម្មវិធីនេះ មានគោលបំណងបង្កើនការយល់ដឹងស្ដីពី ក្របខណ្ឌសុវត្ថិភាព បរិស្ថាន និងសង្គម ការយល់ដឹងពីការកំណត់ទីតាំង និងការអនុវត្ដសកម្មភាព ប្រកបដោយការគិតគូ ពីសុវត្ថិភាពបរិស្ថាន និងសង្គម ដល់ក្រុមការងារជនបង្គោល តំណាងជនបង្គោល និងទីប្រឹក្សា អនុវត្ដគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិខេត្ដគោលដៅ ដែលមានអ្នកចូលរួមសរុបចំនួន ៥៤នាក់ (ស្រី៨នាក់)។

បច្ចុប្បន្ននេះ គ្រប់សកម្មភាពអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ នានារប​ស់គម្រោង តែងតែគិតគូរពីកត្តាសុវត្ថិភាពបរិស្ថាន និងសង្គម ដោយមានការវិភាគ និងវាយតម្លៃជាមុនអំពីផលប៉ះពាល់ ជាអវិជ្ជមានលើអ្នកពាក់ព័ន្ធ សហគមន៍ ស្រ្តី ជនជាតិដើមភាគតិចជាដើម ដូចជា ការបង្កឱ្យមានការរើសអើង រួមទាំងការប៉ះពាល់ដល់ជីវភាពរបស់ពួកគាត់ តំបន់អារក្សអ្នកតា ទ្រព្យសម្បត្តិ កម្មសិទ្ធិដីធ្លី ធនធានធម្មជាតិ ឬជីវៈចម្រុះ នៅតាមតំបន់ជាប់ពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here