ដោយៈ សុខុម
សិង្ហបុរី: ការលក់ផ្ទះឯកជនថ្មីៗនៅសិង្ហបុរី បានកើនឡើង៨០%ក្នុងខែមេសា ដល់កម្រិតខ្ពស់បំផុត មិនធ្លាប់មានរយៈពេល៧ខែ ដែលជំរុញដោយការបើកលក់ គម្រោងដ៏ល្បីពីរគឺគម្រោង Blossoms By The Park នៅជិតតំបន់ One-north និងគម្រោង Tembusu Grand ក្នុងតំបន់ Katong។
ដោយមិនរាប់បញ្ចូលខុនដូ Executive Condominium (ប្រភេទខុនដូសម្រាប់អ្នកមានវណ្ណៈកណ្ដាល) ក្រុមហ៊ុនអភិវឌ្ឍន៍លក់ផ្ទះបានចំនួន៨៨៧យូនីតក្នុងខែមេសា ដោយកើនឡើងពី៤៩២យូនីតដែលលក់បានក្នុងខែមីនា។
យោងតាមទិន្នន័យដែលចេញផ្សាយ ដោយអាជ្ញាធរអភិវឌ្ឍន៍ទីក្រុង (URA) កាលពីថ្ងៃច័ន្ទ ទី១៥ ខែឧសភា បង្ហាញថា ផ្អែកលើមូលដ្ឋានឆ្នាំធៀបនឹងឆ្នាំ ការលក់បានកើនឡើង៣៤%។
ផ្ទះសរុបចំនួន៧៧៩យូនីតត្រូវបានដាក់លក់ ដោយកើនឡើង៣៦%ធៀបនឹងខែមីនា ហើយខ្ពស់ជាង៩៦%បើធៀបនឹងឆ្នាំមុន។
ក្រុមអ្នកវិភាគបានលើកឡើងថា តួលេខកំណើននៃការលក់ក្នុងខែមេសា នេះបង្ហាញថា វិធានការរម្ងាប់ទីផ្សារអចលនទ្រព្យឱ្យមានស្ថិរភាពកាលពីពេលថ្មីៗនេះ មានផលប៉ះពាល់តិចតួចបំផុតមកលើអ្នកទិញជាពលរដ្ឋសិង្ហបុរី។
ផ្អែកតាមទិន្នន័យពីទីភ្នាក់ងារអចលនទ្រព្យ OrangeTee & Tie បង្ហាញថា ពលរដ្ឋសិង្ហបុរី គ្របដណ្ដប់ប្រមាណ៨៤%នៃអ្នកទិញក្នុងគម្រោង Blossoms By The Park ដែលត្រូវបានបើកលក់មិនយូរប៉ុន្មានបន្ទាប់ពីវិធានរម្ងាប់ទីផ្សារ ឱ្យមានស្ថិរភាពបានចាប់ផ្តើមចូលជាធរមាននៅថ្ងៃទី២៧ ខែមេសា។
ទន្ទឹមនឹងនេះ ៩០%នៃអ្នកទិញក្នុងគម្រោង Tembusu Grand គឺជាពលរដ្ឋសិង្ហបុរី។ គម្រោងនេះ ត្រូវបានបើកលក់កាលពីដើមខែមេសា៕ CNA៕