ក្រុមហ៊ុនថៃធំៗចំនួនពីរគ្រោងបោះទុន១.០០០លានដុល្លារសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន ESR Thailand គ្រោងនឹងបណ្តាក់ទុនចំនួន១ពាន់លានដុល្លារអាមេរិក ចន្លោះពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៧ដើម្បីអភិវឌ្ឍន៍ គម្រោងអចលនទ្រព្យផ្នែកដឹកជញ្ជូន និងអចលនទ្រព្យបែបឧស្សាហកម្មទំហំ២លានម៉ែត្រការ៉េ(២០០ហិកតា)។

ESR Thailand គឺជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនវិនិយោគអចលនទ្រព្យ ESR Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង និងក្រុមហ៊ុនថៃ Asia Industrial Estate។

លោក Sayarm Tongkrabin នាយកផ្នែកវិនិយោគ និងគ្រប់​គ្រងទ្រព្យសកម្មរបស់ក្រុមហ៊ុន ESR Thailand បានអះអាងថា ផែនការវិនិយោគរយៈពេល៥ឆ្នាំ របស់ក្រុមហ៊ុនគឺផ្តោតលើទីតាំងយុទ្ធសាស្ត្រ រួមមាន Bang Na-Trat ស្ថិតនៅខេត្ត Samut Prakan ស្រុក Wang Noi នៅខេត្តអាយុធ្យា និងបណ្តាខេត្តនៃច្រករបៀងសេដ្ឋកិច្ចភាគខាងកើត East Economic Corridor (EEC)។

ចំណែកឯ ទីតាំងយុទ្ធសាស្ត្របន្ទាប់ នឹងស្ថិតនៅក្នុងខេត្តធំៗក្នុងតំបន់ រួមមាន ខុនកែន ឈៀងម៉ៃ និងស៊ូរ៉ាតថានី។

ដោយបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០២២ ជាមួយនឹងដើមទុនចុះបញ្ជីចំនួន៧៥លានបាត ក្រុមហ៊ុន ESR Thailand កំពុងធ្វើការលើសួនឧស្សាហកម្ម ដែលជាភាពជាដៃគូរវាង ESR និងក្រុមហ៊ុន Asia Industrial Estate។

ក្រុមហ៊ុន Asia Industrial Estate គឺជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យឧស្សាហកម្ម ដែលមានម្ចាស់ភាគហ៊ុនធំៗ ដូចជាក្រុមហ៊ុន City Realty ក្រុមហ៊ុនវិនិយោគដែលគ្រប់គ្រង ដោយក្រុមគ្រួសារ Sophonpanich និងធនាគារបាងកក។

នៅក្នុងខែមីនា ឆ្នាំ២០២៣នេះ ក្រុមហ៊ុន ESR Thailand បានបណ្តាក់ទុនចំនួន២៣៥លានដុល្លារ ទៅក្នុងគម្រោងដឹកជញ្ជូន និងឧស្សាហកម្មថ្មីចំនួនពីរ។

នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុន ESR Group មានទ្រព្យសម្បត្តិក្រោមការគ្រប់គ្រង (AUM) សរុបចំនួន១១ពាន់លានដុល្លារ។ ក្នុង​នោះ​ទឹកប្រាក់៦​ពាន់​លាន​ដុល្លារ ​ត្រូវបានវិនិយោគ​នៅ​សិង្ហបុរី ខណៈចំណែកធំបំផុត នៃទឹកប្រាក់ចំនួន៥ពាន់លានដុល្លារ ដែលនៅសេសសល់ ត្រូវបានបែងចែកទៅកាន់ប្រទេសឥណ្ឌូនេស៊ី វៀតណាម និងថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here