ដោយៈ គង់ សូរិយា
ភ្នំពេញៈ បន្ទាប់ពីចុះអនុស្សរណៈនៃការយោគយល់ និងឈានទៅបើកកិច្ចសហប្រតិបត្តិការ រវាងក្រុមហ៊ុនBig C និងOCICកាលពីពេលថ្មីៗនេះ ការសាងសង់ផ្សារស្ថិត ក្នុងដំណាក់កាលសិក្សាប្លង់នៅឡើយ។
ប្រធានគ្រប់គ្រងទូទៅ នៃទីក្រុងរណបជ្រោយចង្វារបានមានប្រសាសន៍ឲ្យដឹងកាលពីរសៀលថ្ងៃទី១៦ ឧសភាថា ក្រុមហ៊ុនថៃកំពុងសិក្សាគំរោងប្លង់ លំអិតរបស់ផ្សារនេះ មុនសម្រេចចិត្តសាងសង់ នាពេលខាងមុខ។លោកបន្តថា “ការសិក្សាបានកំពុងធ្វើឡើងនៅប្រទេសថៃ ដែលជាក្រុមហ៊ុនគ្រប់គ្រងផ្សារទំនើបនេះ”។
-->
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនOCICដែលបានចែកចាយដល់បណ្តាញសារព៌តមាន ក្រោយពិធីចុះហត្ថលេខារវាង OCIC និងក្រុមហ៊ុនផ្សារទំនើប Big C កាលពីព្រឹកថ្ងៃទី២២ មេសា ២០២៣ បានឱ្យដឹងថា ការចុះអនុស្សរណៈរវាងក្រុមហ៊ុនកម្ពុជានិងផ្សារទំនើបរបស់ថៃ នឹងបង្កើតនូវភាពអស្ចារ្យមួយ សម្រាប់តំបន់ជ្រោយចង្វារ ដែលជាតំបន់លំនៅឋាន និងពាណិជ្ជកម្មដ៏សក្ដានុពល ។
សេចក្តីប្រកាសដដែលបានឲ្យដឹងថា គម្រោងនេះ នឹងអភិវឌ្ឍន៍ជាភោជនីយដ្ឋានទំនើបៗ ទីតាំងលក់ផលិតផលនាំចូល កន្លែងដើរទិញទំនិញដ៏មានបរិយាកាសល្អ និងកន្លែងផ្ដល់សេវាកម្មជាច្រើនទៀត។
DCIM100MEDIADJI_0069.JPG
ផ្សារទំនើប Big C មានទំហំផ្ទៃដីប្រមាណ២,៧ហិចតា ហើយនឹងត្រូវសាងសង់ នៅជាប់នឹងរង្វង់មូលនាងមច្ឆា ដែលជាតំបន់កំពុងមានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់វិនិយោគិន និងមានប្រជាពលរដ្ឋឆ្លងកាត់តំបន់នោះយ៉ាងមមាញឹក ខណៈស្ពានថ្មីមួយឆ្លងពីជ្រោយចង្វារ ទៅឬស្សីកែវបានដាក់ដំណើរការរួចហើយដែរ។
លោកស្រី Lim Lychin អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន OCIC បានមានប្រសាសន៍ថា យើងស្វាគមន៍ចំពោះវត្តមាន លើកដំបូងនៃផ្សារទំនើប Big C មកកាន់ទឹកដីនៃទីក្រុងរណបជ្រោយចង្វារ ហើយវត្តមានរបស់ផ្សារទំនើបនេះ នឹងធ្វើឱ្យភ្នំពេញ មានមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត ។

លោកស្រីបន្តថា “យើងនឹងបន្តផ្តោតលើគោលដៅ របស់យើង ក្នុងការធ្វើឱ្យទីក្រុងរណបជ្រោយចង្វារ ក្លាយជាទីក្រុងទំនើបជាមួយនឹងគម្រោងមួយចំនួនផ្សេងទៀត ដែលប្តេជ្ញាក្នុងការកសាងឱកាសធ្វើពាណិជ្ជកម្មផ្ដល់សេវាកម្មកម្សាន្ត និងអាជីវកម្មល្អជាច្រើនទៀតក្នុងទីតាំងតែមួយ”។
ចំណែកលោកGary Hardy នាយកផ្នែកប្រតិបត្តិនៃផ្សារទំនើបBig C ក៏បានមានប្រសាសន៍ថា យើងពិតជាមានសេចក្ដីសោមនស្សរីករាយជាខ្លាំង ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ជាពិសេសការបង្កើតទីតាំងថ្មី នៅក្នុងទឹកដីទីក្រុងរណបជ្រោយចង្វារ ។

លោកបន្តថា យើងបានបើកផ្សារទំនើបដំបូងរបស់យើង នៅកម្ពុជា ស្ថិតនៅក្រុងប៉ោយប៉ែត ក្នុងឆ្នាំ២០១៩ និងបានពង្រីកផ្សារទំនើបតូចៗចំនួន២០នៅក្នុងរាជធានីភ្នំពេញ និងខេត្តកំពត។ យើងពិតជារីករាយណាស់ ដែលបានក្លាយជាដៃគូជាមួយក្រុមហ៊ុន OCIC និងក្រុមហ៊ុនកាណាឌីយ៉ាគ្រុប។
លោកបន្តថា “ការពង្រីកប្រតិបត្តិការនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រក្នុងការពង្រីកខ្លួន ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដើម្បីអភិវឌ្ឍន៍អាជីវកកម្មកាន់តែទូលំទូលាយ ក្នុងប្រទេសកម្ពុជានិងតំបន់អាស៊ាន “៕