ដោយ: គង់ លាងហួរ
អន្តរជាតិ: រមណីយដ្ឋានរីសតកម្សាន្តដ៏ធំបំផុតនៅប្រទេសកូរ៉េខាងត្បូង Mohegan Inspire គ្រោងនឹងបើកទ្វាររបស់ខ្លួននៅចុងឆ្នាំ២០២៣នេះ ដែលរីសតនេះមានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិ Incheon។
Inspire Entertainment Resort ដែលជាសាជីវកម្មកម្សាន្ត និងហ្គេមកូរ៉េដែលដំណើរការដោយជនជាតិដើមភាគតិចអាមេរិកធ្លាប់បានធ្វើសន្និសីទសារព័ត៌មានមួយនៅឯការដ្ឋានសាងសង់របស់រមណីយដ្ឋាននេះនៅលើកោះ Yeongjong ក្បែរអាកាសយានដ្ឋានអន្តរជាតិ Incheon ដើម្បីបង្ហាញពីវឌ្ឍនភាពនៃការសាងសង់។
គម្រោងសាងសង់ដំណាក់កាលដំបូងតម្លៃ១,៤៩ពាន់លានដុល្លារនៅក្នុងរីសត រួមមានសណ្ឋាគារប្រណីតកម្ពស់៣ជាន់ដែលមាន១.២៥៦បន្ទប់ សង្វៀនដែលមានកៅអីចំនួន១៥.០០០សម្រាប់រៀបចំការប្រគំតន្ត្រី និងព្រឹត្តិការណ៍កីឡា កាស៊ីណូសម្រាប់ជនបរទេសដែលមានម៉ាស៊ីនស្លុតចំនួន៧០០ សួនហែលទឹក សួនកម្សាន្ត កន្លែងទទួលទានអាហារ និងកន្លែងទិញទំនិញ។
-->
លើសពីនេះទៀត រមណីយដ្ឋានរីសតខ្នាតយក្សមួយនេះក៏នឹងសាងសង់ដាក់រួមបញ្ចូលនូវកន្លែងប្រជុំសន្និបាតដែលមានសាលប្រជុំទំហំ១០.០០០ម៉ែត្រការ៉េផងដែរ។

លោក Chen Si ប្រធានផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុន INSPIRE Entertainment Resortបានមានប្រសាសន៍ថា “វាជាគោលដៅរបស់យើងក្នុងការទាក់ទាញភ្ញៀវបរទេសដើម្បីមកយល់ដឹងអំពីវប្បធម៌កូរ៉េ ជាពិសេសការកម្សាន្តផ្ទាល់ និងសិល្បៈ ដោយលោកគូសបញ្ជាក់អំពីជំនាញរបស់ក្រុមហ៊ុនក្នុងការកសាង និងប្រតិបត្តិការកន្លែងស្នាក់នៅរួមបញ្ចូលគ្នាជាមួយនឹងកន្លែងកម្សាន្ត”។

លោកបានបន្ថែមថា រមណីយដ្ឋានទាំងមូល រួមទាំងកាស៊ីណូ គ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី១ ឆ្នាំ២០២៤ បន្ទាប់ពីក្រុមហ៊ុនទទួលបានការវាយតម្លៃចំណាត់ថ្នាក់លើសណ្ឋាគារ និងអាជ្ញាប័ណ្ណកាស៊ីណូ។
ក្រុមហ៊ុននេះបានធ្វើការប៉ាន់ប្រមាណថា រមណីយដ្ឋាននេះនឹងអាចបង្កើតការងារបានដោយផ្ទាល់ចំនួន៣.០០០ នៅក្នុងអគារ និងការងារជាច្រើនទៀតដោយប្រយោលនៅក្នុងតំបន់៕
