ដោយៈ គង់ ម៉ាលីនណា
ស្វាយរៀងៈ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន នៃអគ្គនាយកដ្ឋានពាណិជ្ជកម្ម ក្នុងប្រទេសនៃក្រសួងពាណិជ្ជកម្ម រៀបចំការបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម ខេត្តស្វាយរៀង អាណត្តិទី២ លើកទី១។
ការរៀបចំការបោះឆ្នោតជ្រើសរើស សមាជិកជ្រើសតាំងសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១ ដែលប្រព្រឹត្តទៅនៅមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង ក្រោមអធិបតីភាពលោក ឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងក្រុមការងារបច្ចេកទេសនៃនាយកដ្ឋាន អភិវឌ្ឍន៍វិស័យឯកជន ក្រុមការងារមន្ទីរពាណិជ្ជកម្មខេត្តស្វាយរៀង មន្ទីរពាក់ព័ន្ធជុំវិញខេត្ត និងសមាជិកសភាពាណិជ្ជកម្មក្នុងអាណត្តិ និងបេក្ខជនឈរឈ្មោះជាច្រើនរូបទៀត។
-->
ជាលទ្ធផលបេក្ខជនចំនួន៨រូប បានជាប់ឆ្នោតជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មស្វាយរៀង អាណត្តិទី២ លើកទី១ ក្នុងចំណោមបេក្ខជនឈរឈ្មោះសរុបចំនួន១១រូប ដែលទទួលបានការបោះឆ្នោតគាំទ្រពីពាណិជ្ជករ អាជីវកម្ម និងសេវាករ នៅក្នុងខេត្តស្វាយរៀង ចំនួន១៣៥នាក់ ស្មើនឹង៦១% នៃបញ្ជីឈ្មោះអ្នកបោះឆ្នោតសរុបចំនួន២២២នាក់។
ជាលទ្ធផល ឧកញ៉ា សុក រ៉ាដូ ត្រូវបានជាប់ឆ្នោតជាប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង អាណត្តិទី២ លើកទី១នេះ ដោយទទួលបានការបោះឆ្នោតគាំទ្រ ទុកចិត្តជាប្រធានចំនួន១៤សម្លេង នៃចំនួនសមាជិកជ្រើសតាំងសរុបទាំង១៥រូប ដោយអវត្តមានចំនួន១សម្លេង។
លោកឈរ ស៊ុនហុងបានមានប្រសាសន៍ណែនាំសមាជិកសភាពាណិជ្ជកម្មដែលទើបនឹងជាប់ឆ្នោត និងសមាជិកនៅក្នុងអាណត្តិត្រូវមានសាមគ្គីភាពនៅក្នុងការបំពេញការងារ បន្តសហការយ៉ាងជិតស្និតជាមួយអាជ្ញាធរ ដែនដី និងមន្ទីរពាណិជ្ជកម្មខេត្ត ដែលជាអាណាព្យាបាល ខិតខំស្វែងរក និងជួយទាក់ទាញវិនិយោគគិនពីបរទេសឱ្យបណ្តាក់ទុនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនៅក្នុងជំរុញការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មនៅក្នុងខេត្តក៏ដូចជានៅទូទាំងប្រទេសផងដែរ។
លោកបន្តថា ប្រធានសភាពាណិជ្ជកម្ម ដែលទើបនឹងជាប់ឆ្នោត ត្រូវណែនាំបន្ថែម ដល់សមាជិកជ្រើសតាំងថ្មី អំពីតួនាទី ភារកិច្ច និងអត្ថប្រយោជន៍របស់សភាពាណិជ្ជកម្ម ក៏ដូចជាបង្កើត Chanel telegram សភាពាណិជ្ជកម្ម ដើម្បីចងក្រងរៀបជាក្រុមជាមួយសមាជិក សមាជិកា រួមនឹងអាជីវករទាំងអស់ ដើម្បីពួកគាត់បានទទួលគ្រប់ព័ត៌មាន នៃសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ សភាពាណិជ្ជកម្មខេត្តស្វាយរៀង៕