ដោយៈ ជេស៊ីកា
ភ្នំពេញៈ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងមកនេះ បានសម្រេចដាក់ឈ្មោះផ្លូវទឹកជាប្រវត្តិសាស្រ្តនេះ ត្រូវបានប្រសិទ្ធនាមថា “ព្រែកជីកហ្វូណនតេជោ”។
ទន្ទឹមនឹងការទទួលយកគម្រោងនេះ ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ បានប្រគល់ភារកិច្ចដល់គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា ជូនដំណឹងពាក់ព័ន្ធគម្រោងសាងសង់ ផ្លូវនាវាចរណ៍ទន្លេបាសាក់នេះ ទៅបណ្តាប្រទេសជា សមាជិកនៃគណៈកម្មការទន្លេមេគង្គ ស្របតាមកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព នៃតំបន់អាងទន្លេមេគង្គឆ្នាំ១៩៩៥ ហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥។
កិច្ចប្រជុំ ក៏បានសម្រេចប្រគល់ភារកិច្ច ជូនលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដឹកនាំសិក្សា និងរៀបចំគម្រោងវិនិយោគខាងលើនេះឱ្យបានលម្អិតស៊ីជម្រៅលើគ្រប់ទិដ្ឋភាព រួចធ្វើរបាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ គឺជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។ គម្រោងនេះ ធ្វើឡើងដើម្បីពង្រីកវិសាលភាព នៃការប្រើប្រាស់សក្តានុពល លើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើន ឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្រប លើបញ្ហាប្រឈម និងឧបសគ្គនានានៃវិស័យដឹកជញ្ជូន តាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ត្រូវបានបញ្ចប់ការសិក្សា សមិទ្ធិលទ្ធភាពរួចរាល់ ដោយបានប្រើប្រាស់រយៈពេលសរុប២៦ខែ។ តាមការសិក្សាបានបង្ហាញថា ផ្លូវទឹកនេះមានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។
ផ្លូវទឹកនេះមានទទឹងមុខកាត់ ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។
ការរចនាប្លង់វិស្វកម្ម និងស្ថាបត្យកម្មរបស់ផ្លូវទឹកនេះ ត្រូវបានប្រើប្រាស់ស្តង់ដាអន្តរជាតិ ដែលអាចធានាភាពធន់ និងមានគុណភាពខ្ពស់ ដោយគិតគូរគ្រប់ជ្រុងជ្រោយ លើផ្នែកបច្ចេកទេសនិងបរិស្ថានសម្រាប់ការប្រើប្រាស់រយៈពេលយូរអង្វែង។
គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃ នៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម។ ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែម នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ៕