គំរិងជីកព្រែកពីទន្លេបាសាក់ទៅកាន់សមុទ្រក្នុងខេត្តកែបមានប្រវែង១៨០គីឡូម៉ែត្រ និងឆ្លងកាត់ខេត្តចំនួន៤

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ របាយការណ៍សិក្សាទូទៅបានបង្ហាញថា ផ្លូវទឹកនេះមានប្រវែងប្រមាណ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក​តាកែវ​នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែក​តាហ៉ីង នៃទន្លេបាសាក់ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លង​កាត់​ខេត្តចំនួន៤។

ខេត្តទាំងបួននោះរួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែល​មានប្រជាជនសរុបប្រមាណ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ឯកសារសិក្សាដដែលបានបង្ហាញថា ការរចនាប្លង់វិស្វកម្ម និងស្ថាបត្យកម្មលើហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក សំណង់ផ្លូវទឹក និង​សន្ទះផ្លូវនាវាចរណ៍៖ ការស្ថាបនាច្រាំងនៃផ្លូវនាវាចរណ៍នេះ នឹងប្រើប្រាស់វិធី​សាស្ត្រ​ចំនួនពីរប្រភេទ ដែលសមស្រប គឺការដាំស្មៅនៅក្នុងប្រឡាយនាវាចរណ៍ និង​ការរៀបចំច្រាំងទន្លេបាសាក់ ចំណុចព្រែកតាឯក រហូតដល់ព្រែកតាហ៉ីង ដោយប្រើ​ប្រាស់Geotextile និងបាវខ្សាច់ Geobag សម្រាប់ការពារការបាក់ច្រាំង។

គម្រោងនេះនឹងសាងសង់សន្ទះ ផ្លូវនាវាចរណ៍ចំនួន៣កន្លែង ដែលស្ថិតនៅ​ខេត្ត​កណ្តាល ខេត្តតាកែវ និងខេត្តកែប សាងសង់ស្ពានចំនួន១១កន្លែង។

លទ្ធផលនៃការសិក្សាវិភាគផ្នែកជលសាស្ត្រ និងរំហូរទឹក កករទឹក និងការជ្រៀត​ចូល​នៃទឹកប្រៃ

គម្រោងនេះ នឹងត្រូវការប្រើប្រាស់ទឹកជាមធ្យម តិចជាង២ភាគរយប៉ុណ្ណោះពីទន្លេ និងព្រែកធម្មជាតិ ក្នុងស្ថានភាពរបបជលសាស្ត្រធម្មតា។

ក្នុងករណីមានបម្រែបម្រួលអាកាសធាតុ ដែលបណ្ដាលឱ្យកម្ព​ស់ទឹកសមុទ្រ​កើន​ឡើង​​លើសពី០.៥ម៉ែត្រ លើកម្រិតធម្មតាហើយទ្វារនៃសន្ទះផ្លូវទឹក នឹងត្រូវបើកចំហ៩០ភាគរយក្នុងមួយថ្ងៃ នោះអាចបណ្តាលឱ្យមានការជ្រៀត​ចូលទឹកប្រៃ ​ពី​សមុទ្រ​ក្នុង​កម្រិតអតិបរមាប្រមាណត្រឹមតែ១.២៣ភាគរយប៉ុណ្ណោះ ដែលបរិមាណ​នេះ​ ជាចំនួន​​តិចតួច និងមិនអាចបណ្តាលឱ្យមានផលប៉ះពាល់ ជាអវិជ្ជមានលើបរិស្ថាន និង​ប្រព័ន្ធអេកូឡូស៊ីនោះទេ។ ក្នុងករណីដែលបិទសន្ទះផ្លូវនាវាចរណ៍១០០ភាគរ​យ​ក្នុងមួយថ្ងៃ នោះកម្រិតទឹកនឹងនៅដដែល ដោយមិនអាចបណ្ដាល​ឱ្យបាត់បង់ ឬប្រែ​ប្រួលរំហូរទឹកនោះទេ។

* លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ី

ក្នុងអំឡុង​ពេល​អនុវត្តគម្រោងសាងសង់ អាចនឹងមានផលប៉ះពាល់បរិស្ថានតិចតួច ប៉ុន្តែអាច​គ្រប់គ្រងបាន តាមរយៈការប្រើប្រាស់វិធានគ្រប់គ្រងបរិស្ថាន និងសំណល់​តាមស្ដង់​ដារ​ជាតិ និងអន្តរជាតិដែលមានស្រាប់ និងធ្លាប់បានអនុវត្តរួចមកហើយ លើគម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន របស់ក្រសួងប្រកបដោយប្រសិទ្ធភាព។

* លទ្ធផលនៃការសិក្សា និងពិនិត្យលើទិដ្ឋភាពច្បាប់ និងកិច្ចព្រមព្រៀ​ង​មេគង្គ​ឆ្នាំ​១៩៩៥

គម្រោងនេះ ជាគម្រោងដែលមានលក្ខណៈ ជាការប្រើប្រាស់ និងបង្វែរទឹក​ចេញ​ពី​ទន្លេបាសាក់ ដែលជាដៃមួយនៃទន្លេមេ (ក្នុងអាងទន្លេមេគង្គ) ទៅអាង​ទន្លេ​ដទៃ​ផ្សេងទៀត (ក្រៅពីអាងទន្លេមេគង្គ)។

យោងតាមខ្លឹមសារនៃមាត្រា៥ នៃកិច្ចព្រមព្រៀងទន្លេរមេគង្គឆ្នាំ១៩៩៥ ស្ដីពីការប្រើប្រាស់​ទឹកដោយសមហេតុផល និងសមធម៌នៅក្នុងដែនដីរៀងៗខ្លួន គម្រោងនេះ អាច​អនុ​វត្ត​បាន ដោយភាគីកម្ពុជា គ្រាន់តែអនុវត្តធ្វើការជូនដំណឹងជាមុន ទៅគណៈ​កម្មា​ធិកា​រ​​ចម្រុះនៃគណៈកម្មការទន្លេមេគង្គ ដោយភ្ជាប់ជាមួយនូវរបាយការណ៍ ​នៃការ​សិក្សា​លម្អិត មុនពេលចាប់ផ្ដើមការងារសាងសង់ប៉ុណ្ណោះ ដោយមិនចាំបាច់ស្នើសុំការ​យល់​​ព្រមណាមួយ ពីប្រទេសសមាជិកគណៈកម្មការទន្លេមេគង្គនោះឡើយ។

* លទ្ធផលនៃការវាយតម្លៃលើផលប៉ះពាល់ផ្នែកសង្គម និងហេដ្ឋារចនាសម្ព័ន្ធជាតិ

លទ្ធ​ផលនៃការសិក្សាបានបង្ហាញថា តំបន់ដែលផ្លូវទឹកឆ្លងកាត់សុទ្ធសឹងតែជាតំបន់​វាលស្រែ ព្រែក ឬស្ទឹងធម្មជាតិ និងជាតំបន់វាលទំនាបលិចទឹកស្រាប់ ហើយជាតំបន់​មានដង់ស៊ីតេ ប្រជាពលរដ្ឋរស់នៅតិចតួច និងមិនមានហេដ្ឋា​រចនា​សម្ព័ន្ធជាតិ​ធំៗ​នោះ​ទេ។តាមរយៈការវាយតម្លៃលើផលប៉ះពាល់លម្អិត និងបទពិសោធន៍ ដែលបាន​ជួបប្រទះកន្លងមកបង្ហាញថា ទំហំនៃផលប៉ះពាល់ គឺស្ថិតក្នុងកម្រិតតិចតួច ដែល​ងាយ​ស្រួលក្នុងការគ្រប់គ្រង និងដោះស្រាយ។

* លទ្ធផលនៃការវិភាគ និងវាយតម្លៃផ្នែកសេដ្ឋកិច្ច ការវិនិយោគ និងគណនា​ផល​ប្រយោជន៍សេដ្ឋកិច្ច

គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងត្រូវចំណាយ​ទុន​​វិនិយោគ ប្រមាណ១,៧០០លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេល​សាង​សង់ប្រមាណ៤ឆ្នាំ។

គម្រោងនេះ នឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន​នាពេល​បច្ចុ​ប្បន្ន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែប របស់វៀតណាមប្រមាណ៦៩គីឡូម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥​គីឡូ​ម៉ែត្រ ពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។

លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន​អង្គភាព​អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឱ្យដឹងថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្ត​លើក​​ទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹក​របស់​កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និង​ផ្លូវសមុទ្រ។ ការសិក្សាសមិទ្ធិលទ្ធភាព​គម្រោង​ផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្ម​ទន្លេ​បាសាក់នេះ ត្រូវបានបែងចែកជាពីរ​ដំណាក់កាល ដែលប្រើប្រាស់​រយៈពេល​សរុប២៦ខែ។

ដំណាក់កាលទី១ ការសិក្សាបឋម ប្រើរយៈពេល១៤ខែ និង​ដំណាក់កាលទី២ ការសិក្សាសមិទ្ធិ​លទ្ធ​ភាពប្រើរយៈពេល១២ខែ។

ក្រុមការងារបច្ចេកទេស បានកំណត់គោលដៅនៃការសិក្សានេះ ដើម្បីបង្កើនអធិប​តេយ្យ​ភាព ការដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា កាត់បន្ថយពេលវេលា ចម្ងាយ និង​ថវិកា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងទំនិញចូល-ចេញ ធ្វើឱ្យចំណេញ និងបង្កើន​ល្បឿននៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធ្វើសមាហរណកម្មដឹកជញ្ជូនតាមផ្លូវទឹក តាម​រយៈ​ការពង្រីកការតភ្ជាប់ ពហុមធ្យោបាយដឹកជញ្ជូន កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងការកកស្ទះចរាចរណ៍ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍លើផ្លូវថ្នល់។

តាមរយៈការសិក្សា របស់ក្រុមការងារបច្ចេកទេស បានបង្ហាញឱ្យឃើញផងដែរថា តម្រាយ​ផ្លូវទឹកដែលតភ្ជាប់ទៅពីទន្លេ ទៅសមុទ្រ ស្រដៀងគ្នានេះ ក៏ធ្លាប់បាន​ជីក​តាំង​ពី​អាណាចក្រហ្វូណន មកម្ល៉េះ ហើយផ្លូវទឹកនេះ នឹងត្រូវកសាងលើតម្រាយ​ខ្សែ​ផ្លូវ​ទឹក​បុរាណ ដែលបានបន្សល់ទុកស្រាប់។

គម្រោងនេះ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ជាទីបំផុត ទាំងលើផ្នែកបច្ចេក ទិដ្ឋភាពច្បាប់ ផលប៉ះពាល់ និងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here