ក្រុមមេដឹកនាំប្រទេសជឿនលឿនG7 បង្កើតគំនិតផ្តួចផ្តើមថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ

តូក្យូ: ក្រុមមេដឹកនាំប្រទេសជឿនលឿន G7 បានយល់ព្រមគ្នាចំពោះគំនិតផ្តួចផ្តើមថ្មីមួយ ដើម្បីប្រឆាំងនឹងការបង្ខិតបង្ខំសេដ្ឋកិច្ច ហើយបានប្តេជ្ញាចាត់វិធានការដើម្បីធានាថា តួអង្គណាមួយដែលប៉ុនប៉ងប្រើប្រាស់ការពឹងផ្អែកលើសេដ្ឋកិច្ច ធ្វើជាអាវុធនឹងទទួលបរាជ័យ និងប្រឈមផលវិបាក។

ក្រុមមេដឹកនាំបានឱ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា គំនិតផ្តួចផ្តើមដែលត្រូវបានគេហៅថា វេទិកាសម្របសម្រួលស្តីពី ការបង្ខិតបង្ខំសេដ្ឋកិច្ច នឹងប្រើប្រាស់ការព្រមានជាមុន និងការចែករំលែកព័ត៌មានយ៉ាងឆាប់រហ័សស្តីពី ការបង្ខិតបង្ខំសេដ្ឋកិច្ចជាមួយសមាជិកដែលប្រជុំជាទៀងទាត់សម្រាប់ការពិគ្រោះយោបល់។

ក្រុមមេដឹកនាំ G7 បានអះអាងបន្ថែម នៅក្នុងសេចក្តីថ្លែងការណ៍មួយ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនថា “ពិភពលោកបានជួបប្រទះ នឹងការកើនឡើងគួរឱ្យព្រួយបារម្ភ នៃឧប្បត្តិហេតុនៃការបង្ខិតបង្ខំសេដ្ឋកិច្ច ដែលកេងប្រវ័ញ្ចភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច” ។

ទោះបីជាយ៉ាងនេះក្តី សេចក្តីថ្លែងការណ៍នោះមិនបានកំណត់អត្តសញ្ញាណថា ជាប្រទេសចិននោះទេ ប៉ុន្តែនៅក្នុងសេចក្តីលម្អិតចេញផ្សាយកាលពីថ្ងៃសុក្រ ដែលបង្ហាញពីគំនិតផ្តួចផ្តើមដែលបានស្នើឡើង រដ្ឋាភិបាលអង់គ្លេសបានចង្អុលបង្ហាញ ពីការប៉ុនប៉ងរបស់ប្រទេសចិន ដើម្បីប្រើប្រាស់អំណាចសេដ្ឋកិច្ចរបស់ខ្លួន ក្នុងជម្លោះនយោបាយជាមួយប្រទេសអូស្ត្រាលី និងលីទុយអានី។

ចំណែក នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះកាលពីថ្ងៃសៅរ៍ នៅលើគេហទំព័ររបស់ខ្លួន ស្ថានទូតចិនប្រចាំនៅប្រទេសអង់គ្លេស បានព្រមានក្រុមប្រទេស G7 ថា រាល់ពាក្យសម្តី ឬទង្វើណាមួយ ដែលប៉ះពាល់ដល់ផលប្រយោជន៍ របស់ទីក្រុងប៉េកាំងនឹងត្រូវបានបំពេញវិញ ដោយវិធានការតបតយ៉ាងម៉ឺងម៉ាត់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here