ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមនាយកដ្ឋានដឹកជញ្ជូនក្នុងតំបន់បានឱ្យដឹងថា ការសាងសង់ព្រែកថ្មីរបស់ប្រទេសចិនឈ្មោះថាព្រែក Pinglu បានចាប់ផ្តើមហើយកាលពីថ្ងៃអង្គារ ទី២៣ ខែឧសភានេះ នៅក្នុងតំបន់ស្វយ័ត Guangxi Zhuang ភាគខាងត្បូងនៃប្រទេសចិន។
ព្រែក Pinglu ដែលលាតសន្ធឹងប្រវែងជាង១៣៥គីឡូម៉ែត្រ ជាមួយនឹងទុនវិនិយោគប្រមាណ៧២,៧ពាន់លានយន់ (ប្រហែល១០,៣ពាន់លានដុល្លារអាមេរិក) មានគោលបំណងតភ្ជាប់ទន្លេ Xijiang ដែលជាផ្លូវទឹកដ៏សំខាន់នៅភាគនិរតីប្រទេសចិន ជាមួយនឹងកំពង់ផែនៅឈូងសមុទ្រ Beibu ។
-->
ព្រែកនេះនឹងចាប់ផ្តើមនៅអាងស្តុកទឹក Xijin ក្នុងទីក្រុង Hengzhou និងបញ្ចប់នៅទីប្រជុំជន Luwu នៃស្រុក Lingshan ជាកន្លែងដែលនាវាអាចចូលទៅដល់ឈូងសមុទ្រ Beibu តាមរយៈទន្លេ Qinjiang ដោយបើកផ្លូវកាន់តែខ្លីទៅកាន់សមុទ្រសម្រាប់តំបន់ Guangxi និងតំបន់ផ្សេងទៀតនៅភាគនិរតីនៃប្រទេសចិន។
ព្រែកនេះនឹងកាត់បន្ថយការដឹកទំនិញចូលឈូងសមុទ្រនៅភាគនិរតីនៃប្រទេសចិនប្រហែល៥៦០គីឡូម៉ែត្រ ជាមួយនឹងជម្រៅដែលអាចឱ្យកប៉ាល់ដឹកទំនិញបានរហូតដល់ទៅ៥០០០តោន។
សម្រាប់តំបន់នៅតាមបណ្តោយច្រករបៀងសមុទ្រភាគខាងលិចថ្មី ព្រែក Pinglu ត្រូវបានគេរំពឹងថា នឹងជួយសន្សំប្រាក់បានលើសពី៥,២ពាន់លានយ័នក្នុងការចំណាយលើការដឹកជញ្ជូនជារៀងរាល់ឆ្នាំ។
ព្រែកនេះនឹងក្លាយជាផ្លូវសំខាន់ថ្មីមួយនៅភាគនិរតីរបស់ប្រទេសចិន ដែលជាបណ្តាញដឹកជញ្ជូនរួមបញ្ចូលគ្នាដំបូងគេ ដែលនឹងនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច សង្គម បរិស្ថានវិទ្យា និងទិដ្ឋភាពផ្សេងៗទៀតផងដែរ៕