ដោយ៖ សុខុម
បាងកក: ប្រទេសថៃ ពេលនេះកំពុងជួបវិបត្តិកំណើនកម្ចីទិញផ្ទះមិនដំណើរការ (NPLs) ឬ កម្ចីខូចក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ ដោយសារការដំឡើងអត្រាការប្រាក់ ដោយធនាគារកណ្តាលថៃ (Bank of Thailand) បានលើកទឹកចិត្តឱ្យធនាគារនានាជួយអ្នកខ្ចីប្រាក់តាមរយៈការរៀបចំឥណទានឡើងវិញ។
ធនាគារកណ្តាលថៃ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះបានរាយការណ៍ពីអនុបាតប្រាក់កម្ចីមិនដំណើរការចំនួន៣,១៦%សម្រាប់កម្ចីទិញផ្ទះក្នុងប្រព័ន្ធធនាគារពាណិជ្ជ ដែលកើនឡើងពី៣,០១%ក្នុងត្រីមាសមុន។
-->
លោកស្រី Suwannee Jatsadasak ឧបការីទេសាភិបាលធនាគារកណ្តាលថៃ បានលើកឡើងថា ការកើនឡើងនូវកម្ចីទិញផ្ទះមិនដំណើរការនេះគឺភាគច្រើនដោយសារតែការដំឡើងអត្រាការប្រាក់។
ធនាគារជាធម្មតាមានចន្ទុលការពារដើម្បីដោះស្រាយហានិភ័យឥណទានខ្ពស់នៃកម្ចីទិញផ្ទះ ស្របពេលមានការដំឡើងអត្រាការប្រាក់ ប៉ុន្តែចន្ទុលការពារនេះប្រហែលជាមិនគ្រប់គ្រាន់សម្រាប់អ្នកខ្ចីមួយចំនួននោះឡើយ។ ជាលទ្ធផល ធនាគារកណ្តាលថៃ តម្រូវឱ្យធនាគារនានាប្រើប្រាស់វិធានការបង្ការទុកជាមុនដើម្បីជួយអ្នកខ្ចីរៀបចំឥណទានឡើងវិញ។
លោកស្រី Suwannee Jatsadasak ថ្លែងថា “ធនាគារកណ្តាលថៃ បានបន្តចាត់វិធានការរៀបចំឥណទានឡើងវិញរយៈពេលវែងរហូតដល់ដំណាច់ឆ្នាំនេះ ដោយផ្តល់ឱកាសឱ្សធនាគារនានាជួយអតិថិជនក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុរបស់ពួកគេ និងគ្រប់គ្រងឥណទានមិនដំណើរការឱ្យបានល្អ”។
ទោះជាយ៉ាងណា លោកស្រីលើកឡើងថា កម្ចីទិញផ្ទះមិនដំណើរការរបស់ប្រព័ន្ធធនាគារទាំងមូលបានធ្លាក់ចុះបន្តិចក្នុងត្រីមាសទី១ ដើមឆ្នាំនេះ ទាំងបរិមាណ និងអនុបាតដោយសារការគ្រប់គ្រងផលប័ត្រប្រាក់កម្ចីតាមរយៈការបន្តរៀបចំឥណទានឡើងវិញ ការកាត់ចោលបំណុលដែលមិនអាចទារមកវិញបាន និងការលក់ចេញទាំងកម្ចីសាជីវកម្ម និងកម្ចីលក់រាយ៕ Bangkok Post៕