ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥៖ ដើម្បីឆ្លើយតបជាមួយនឹងការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងធនាគារជាតិនៃកម្ពុជា ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅ ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមានជាង ៣០ឆ្នាំក្នុងប្រទេសកម្ពុជា និងជាសមាជិករបស់សម្ព័ន្ធហិរញ្ញវត្ថុរបស់ MUFG មានមូលដ្ឋានក្នុងប្រទេសជប៉ុន បានចូលរួមរំលែកទុក្ខ និងលុបបំណុលចោលទាំងស្រុង ជូនដល់ក្រុមគ្រួសាររបស់យោធិនពលីចំនួន ០២រូប ដែលមានទីលំនៅក្នុងភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តមានជ័យ។
លោក មិន សុផា ប្រធាននាយកប្រតិបត្តិនៃធនាគារ ហត្ថា បានមានប្រសាសន៍ថា៖ “តាងនាមអោយថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ធនាគារ ហត្ថា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយក្រុមគ្រួសាររបស់អតិថិជនទាំងពីរចំពោះការបាត់បង់ដ៏ធំធេងនេះ ហើយខ្ញុំសង្ឃឹមថា ការលុបចោលបំណុលទាំងស្រុងក្នុងថ្ងៃនេះ អាចជួយសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុជូនក្រុមគ្រួសារ សាច់ញាតិយោធិនពលីទាំង ០២រូប បានមួយចំនួនផងដែរ។ ”