ថ្នាក់​ដឹកនាំ​ស្ថាប័ន​ហិរញ្ញវត្ថុ​កូរ៉េ​ធំ​មួយ​បាន​វាយ​តម្លៃ​ជា​វិជ្ជមាន​លើ​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ ថ្នាក់ដឹកនាំស្ថាប័នហិរញ្ញវត្ថុធំមួយរបស់កូរ៉េ បានវាយតម្លៃជាវិជ្ជមានលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិយាកាសវិនិយោគនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសម្ព័ន្ធក្រុមហ៊ុន BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Bin Daein ប្រធាន និងនាយកប្រតិបត្តិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ លោក Bin Daein បានលើកឡើងពីការកត់សម្គាល់របស់លោកចំពោះវឌ្ឍនភាព នៃការអភិវឌ្ឍរបស់កម្ពុជា និងបានបង្ហាញការវាយតម្លៃជាវិជ្ជមាន ចំពោះបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា បន្ទាប់ពីបានមកបំពេ​ញទស្សនកិច្ចដោយផ្ទាល់។

ក្នុងឱកាសនេះ លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាព នៃប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BNK Financial Group នៅកម្ពុជា និងបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការវិនិយោគរយៈពេលវែងផងដែរ។

លោករំពឹងថា ការរីកចម្រើននៃប្រតិបត្តិការ របស់ក្រុមហ៊ុននៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់ការយល់ដឹង និងការចាប់អារម្មណ៍របស់វិនិយោគិនកូរ៉េបន្ថែមទៀត ចំពោះសក្តានុពលវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានជម្រាបពីគម្រោង រៀបចំដំណើរទស្សនកិច្ច សម្រាប់ដៃគូអាជីវកម្មពីសាធារណរដ្ឋកូរ៉េ មកកម្ពុជានាពេលខាងមុខផងដែរ។

ជាការឆ្លើយតប លោកជំទាវទេសាភិបាល បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះការយល់ឃើញជាវិជ្ជមាន អំពីប្រទេសកម្ពុជា ព្រមទាំងបានគូសបញ្ជាក់ ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការបន្តពង្រឹងបរិយាកាស អំណោយផលសម្រាប់វិនិយោគិន។

បន្ថែមលើនេះ លោកជំទាវក៏បានជម្រាបជូន អំពីការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល ដែលបានរួមចំណែកលើកកម្ពស់ ប្រសិទ្ធភាព សុវត្ថិភាព និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តស្វែងរកឱកាសពង្រីកការវិនិយោគ នៅកម្ពុជាបន្ថែមទៀតផងដែរ៕


ចែករំលែក