ដោយៈ ជេស៊ីកា
ភ្នំពេញៈ សេចក្តីព្រាងផែនការ សកម្មភាពស្តីពីការកសាង សហគមន៍វាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ (Draft Action Plan on Building a Cambodia-China Community with a Shared Future in the New Era 2024-2028) រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនបានបើកកិច្ចប្រជុំ និងពិភាក្សាផ្លូវការ។
កិច្ចប្រជុំនេះ ដឹកនាំដោយលោក វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការកម្ពុជា នៃគណ:កម្មាធិការសម្របសម្រួល អន្តររដ្ឋាភិបាលកម្ពុជា-ចិន ព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ដោយបានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន៣០ ដើម្បីពិភាក្សាលើខ្លឹមសារនេះ។
សេចក្តីព្រាងផែនការសកម្មភាពនេះ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងការកសាងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរកម្ពុជា-ចិន ដែលជាមិត្តដែកថែប សម្រាប់រយៈពេល៥ឆ្នាំតទៅមុខទៀត ឱ្យកាន់តែទូលំទូលាយ ស៊ីជម្រៅ កាន់តែជិតស្និត មានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ នៅក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជាលទ្ធផល នៃជំនួបកំពូលនៅកប្រទេសចិន រវាងថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក Xi Jinping ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ កន្លងទៅ។សេចក្តីព្រាងផែនការសកម្មភាពស្តីពី ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន នៅក្នុងយុគសម័យថ្មី ដែលជាក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជា-ចិនខាងលើនេះ គ្របដណ្តប់លើវិស័យអាទិភាពចំនួន ៦ រួមមាន ទី១ កិច្ចសហប្រតិបត្តិការនយោបាយ, គុណភាព និងសមត្ថភាពផលិតកម្ម, កសិកម្ម, ថាមពល, សន្តិសុខ និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន។ សេចក្តីព្រាងផែនការសកម្មភាពនេះ នឹងត្រូវដាក់ជូនថ្នាក់ដឹកនាំ នៃប្រទេសទាំងពីរពិនិត្យ និងសម្រេច នាពេលខាងមុខ។
កាលពីខែមេសា ឆ្នាំ២០២៣ កន្លងមក រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន បានចាត់លោក Nong Rong ឧបការីរដ្ឋមន្ត្រី ការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដែលទើបនឹងត្រូវបានតែងតាំង ជាអគ្គលេខាធិការចិនថ្មី នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដឹកនាំគណៈប្រតិភូចិនមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា និងបានជួបពិភាក្សាជាមួយលោក វង្សី វិស្សុត ដើម្បីជំរុញការរៀបចំសេចក្តី ព្រាងផែនការសកម្មភាពស្តីពីការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន នៅក្នុងយុគសម័យថ្មីនេះ ឱ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីជាឧត្តមប្រយោជន៍ នៃប្រទេសទាំងពីរ កម្ពុជា-ចិន៕