[:km]ដោយ វុត្ថា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានឪ្យដឹងថា ក្រុមហ៊ុនឯកជនចំនួន ២ បានកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនថ្មី ឬ Highway មួយបន្ថែមទៀតចេញពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីចុះហត្ថលេខា លើអនុស្សារណៈយោគយល់ ស្ដីពីគម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្ដាល (ឆ្មាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៨ នេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអំពាវនាវដល់វិស័យឯកជនទាំងអស់ដែលមានបំណងវិនិយោគផ្លូវ Highwayចេញពីភ្នំពេញ ទៅកាន់ខេត្តសៀមរាប មកទាក់ទងជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ខណៈមានក្រុមហ៊ុនឯកជនចំនួន ២ កំពុងសិក្សា តែមិនទាន់មានរបាយការណ៍ផ្ញើរមកក្រសួងនៅឡើងទេ ។







