ដោយៈ គង់ សូរិយា
ភ្នំពេញៈ លោកZurab Pololikashvili) អគ្គលេខាធិការអង្គការទសចរណ៍ពិភពលោក បានសន្យាថា នៅតែបន្តគាំទ្រ និងជួយលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ឱ្យមានភាពល្អប្រសើរឡើងវិញ។
លោកបានថ្លែងសន្យាបែបនេះ ក្នុងពេលអញ្ជើញជួបសម្តែងការគួរសម ជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាព កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣។
-->
លោកអ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យនៅក្រោយជំនួបថា ក្នុងជំនួបនោះ លោកZurab បានជម្រាបសម្ដេ ចតេជោ អំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោក ដែលទទួលបានជោគ ជ័យ ក្នុងការសម្រេចបាននូវក្រមការពារទេសចរណ៍។
លោកបានសំដែងការគោរព ចំពោះទស្សនៈវែងឆ្ងាយ និងការប្ដេជ្ញាចិត្តខ្ពស់របស់សម្តេចតេជោ លើសម្រាប់វិស័យទេសចរណ៍ មានជាអាទិ៍៖ ការគាំទ្រក្រមការពារទេសចរណ៍ និងជាពិសេសការជួយអ្នកទេសចរដែលជាប់នៅលើនាវា Westerdam ដោយអនុញ្ញាតឱ្យចូលចតនៅកម្ពុជា ក្នុងពេលប្រទេសដទៃ មិនឱ្យចូលចត ព្រោះខ្លាចការឆ្លងជំងឺកូវីដ-១៩។
លោកអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ក៏បានសំដែងការអបអរសាទរជូនសម្តេចតេជោ ចំពោះការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឆ្នាំ២០២២ បានយ៉ាងជោគជ័យ។ ជាពិសេសថ្មីៗនេះ បានរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម, អាស៊ានប៉ារ៉ាហ្គេម បានជោគជ័យយ៉ាងត្រចះត្រចង់ ដែលទាំងនេះសុទ្ធតែមានការតភ្ជាប់ ជាមួយវិស័យទេសចរណ៍ដោយផ្ទាល់ និងដោយប្រយោលផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រមការពារទេសចរណ៍ មានសារៈសំខាន់ណាស់ សម្រាប់ផ្ដល់ការការពារ ជំនឿទុកចិត្តដល់ទេសចរណ៍មកកាន់កម្ពុជា។ លើសពីនោះទៅទៀត កម្ពុជា បានអភិវឌ្ឍន៍វិស័យសុខាភិបាល ដើម្បីគាំទ្រដល់វិស័យទេសចរ ណ៍ ធ្វើយ៉ាងណាឱ្យទេសចរណ៍មកកម្ពុជា ធានាបានទាំងសុខសុវត្ថិភាពផង ទាំងសុខភាពល្អផង។
ចំពោះបញ្ហានាវា Westerdam វិញ សម្ដេចតេជោ បានមានប្រសាសន៍ថា ជាការងារមនុស្សធម៌ និងជាការទទួលខុសត្រូវ ជួយដល់ជីវិតមនុស្សនៅពេលនោះ ខណៈដែលមិនមានប្រទេសណាអនុញ្ញាតឱ្យនាវាចូលចតទេ។
សម្តេចតេជោបានគូសបញ្ជាក់ថា “ប្រសិនបើកម្ពុជា មិនអនុញ្ញាតឱ្យចូលចតទេនោះ ជីវិតមនុស្សនៅលើនាវា នឹងអាណោចអាធមខ្លាំងណាស់”។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណអង្គការទេសចរណ៍ពិភពលោក ដែលមានជំនឿលើកម្ពុជា មកប្រជុំនៅកម្ពុជា កសាងនូវភាពជោគជ័យថ្មីមួយទៀត សម្រាប់វិស័យទេសចរណ៍ ហើយក្រមការពារទេសចរណ៍នេះ គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងអនុវត្តឱ្យបានល្អ៕