ដោយគង់ សូរិយា
ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្ញើរសារដ៏កក់ក្តៅជូនប្រជាពលរដ្ឋកាត់ខ្មែរ ចិន និងជនជាតិចិនរស់នៅកម្ពុជាដ៏កក់ក្តៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលបានចាប់ផ្តើមពីថ្ងៃទី៥ ដល់៧កុម្ភៈនេះខាងមុខនេះ។
សម្តេចតេជោបានសរសេរនៅលើបណ្តាញសង្គមFacebookនាព្រឹកថ្ងៃទី៦ កុម្ភៈនេះថា ទាំងប្អូនខ្មែរ-ចិន និងខ្មែរ គឺចូលរួមសប្បាយរីករាយទាំងអស់គ្នា ព្រោះថាជាឱកាសជួបជុំទទួលទានម្ហូបអាហារជាមួយក្រុមគ្រួសារ, សាច់ញាតិ និងមិត្តភ័ក្ត ព្រមទាំងចែកអាំងប៉ាវផ្តល់នូវភាពសប្បាយរីករាយដែលនាំមកនូវសេចក្តីសុខ និងលាភសំណាងល្អៗដល់ក្រុមគ្រួសារគ្រប់ៗគ្នា។សម្តេចបន្តថា អរគុណជនរួមជាតិដែលបានចូលរួមថែរក្សាសន្តិភាព និងរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ យើងអោយកាន់តែរីកចម្រើនទៅមុខ។ ទម្រាំប្រទេសយើងមានឱកាសបានអភិវឌ្ឍន៍ រហូតមានកំណើសេដ្ឋកិច្ចរឹងមាំល្អ និងមានសន្តិសុខសង្គមល្អ ព្រមទាំងមានការទាក់ទាញវិនិយោគគិន និងទេសចរបរទេសកាន់តែច្រើន គឺយើងបានខិតខំប្រឹងប្រែងនិងធ្វើពលីកម្មខ្លាំងណាស់ ហើយក៏គ្មាននរណាប្រឹងជំនួសយើងទេ បើយើងមិនប្រឹងដោយខ្លួនឯង។
សម្តេចបញ្ជាក់ថា “ច្បាស់ណាស់ កាលណាប្រទេសជាតិកាន់តែរីកចម្រើន ប្រជាពលរដ្ឋ ក៏កាន់តែមានឱកាសទទួលបាននូវផលប្រយោជន៍ ពីការរីកចម្រើននៃប្រទេសជាតិកាន់តែច្រើនឡើងផងដែរ”។