ដោយ: គង់ លាងហួរ
ភ្នំពេញ: លោក បណ្ឌិត សឿង ម៉ូរ៉ារិទ្ធ នាយកប្រតិបត្តិនៃធនាគារ Chief (Cambodia) Commercial Bank Plc និងលោកបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ (NUCK) បានប្រកាសពីភាពជាដៃគូយុទ្ធសាស្ត្រ តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។
ចំណុចដ៏សំខាន់នៃការបង្កើតភាពជាដៃគូនេះគឺ “Chief Easy” ដែលជាកម្មវិធីប្រាក់កម្ចីខ្នាតតូចបែបឌីជីថលប្រកបដោយភាពច្នៃប្រឌិតដែលគ្រប់គ្រង និងដំណើរការដោយធនាគារ Chief Bank។ កម្មវិធីនេះជំរុញឱ្យមានរលកនៃការទទួលយកឌីជីថលយ៉ាងឆាប់រហ័សនៅក្នុងឧស្សាហកម្មធនាគារកម្ពុជា ដែលអនុញ្ញាតឱ្យអតិថិជនអាចស្នើសុំប្រាក់កម្ចីបានយ៉ាងងាយស្រួល។
លក្ខណៈពិសេសតែមួយគត់របស់ផ្លាតហ្វមនេះគឺការសន្យារបស់ខ្លួនលើការឆ្លើយតបរហ័សជាមួយនឹងមតិកែលម្អឬFeedback ដែលត្រូវបានផ្តល់ឱ្យក្នុងរយៈពេល២៤ម៉ោងនៅថ្ងៃធ្វើការ។ ជួយក្នុងការបង់ថ្លៃសាលា និងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុទូទៅ
ជាផ្នែកមួយនៃភាពជាដៃគូដែលបានបង្កើតឡើងថ្មីនេះ សិស្សសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ (NUCK) និងឪពុកម្តាយ ឬអាណាព្យាបាលរបស់ពួកគេ អាចទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីការផ្តល់ជូនពិសេស នៅពេលដាក់ពាក្យស្នើសុំកម្ចីខ្នាតតូចតាមរយៈកម្មវិធី Chief Easy ។
ដែនកំណត់ប្រាក់កម្ចីត្រូវបានដំឡើងរហូតដល់៥.០០០ដុល្លារ ដែលជាលក្ខណៈពិសេសមួយ បង្កើតឡើងដើម្បីជួយដល់ការបង់ប្រាក់ថ្លៃសាលា និងបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុទូទៅដែលសិស្សជួបប្រទះ។ គំនិតផ្តួចផ្តើមនេះបង្ហាញពីគោលដៅរួមគ្នារបស់ធនាគារ Chief Bank និងសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ (NUCK) ដើម្បីគាំទ្រដល់សិស្សនៅក្នុងដំណើរសិក្សារបស់ពួកគេ។
យោងតាម MoU កិច្ចសហប្រតិបត្តិការនេះគ្រាន់តែជាការចាប់ផ្តើមនៃសម្ព័ន្ធភាពជាយុទ្ធសាស្ត្រដែលកំពុងបន្ត ក្នុងគោលបំណងពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ។






