ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ឆ្លើយតបនឹងកំនើននៃតម្រូវការរបស់ប្រជាពលរដ្ឋ បុរីវិមានភ្នំពេញបានចាប់ផ្តើមគំរោងទី៨របស់ខ្លូន ស្ថិតនៅលើផ្ទៃដី១៥ហិកតា ស្របពេលស្ថានភាពទីផ្សារបុរីនៅតែមានកំនើនតម្រូវការខ្ពស់។
អគ្គនាយកក្រុមហ៊ុន លី ហួរគ្រុប និងជាម្ចាស់បុរីវិមានភ្នំពេញលោកឧកញ៉ាលី ហួរបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកទី២៩ វិច្ឆិកានេះថា លោកបាននិងកំពុងចាប់ផ្តើមគំរោងទី៨ នៃបុរីវិមានភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវបុរីអង្គរ ជាផ្លូវដែលមានទំហំ៣០ម៉ែត្រ។ គំរោងនេះមានទីតាំងនៅក្បែរបុរីវិមានភ្នំពេញសព្វថ្ងៃផងដែរ។លោកបន្តថា ទោះជាយ៉ាងណាគំរោងថ្មីនេះមិនទាន់បានដាក់ឈ្មោះនៅឡើយទេ តែយើងបាននិងកំពុងចាប់ផ្តើមលក់និងត្រៀមចាប់ផ្តើមសាងសង់ហើយ។ គំរោងនេះមានផ្ទះល្វែង និងផ្ទះបែបវីឡាប្រណីត ដែលមានតម្លៃចាប់ពី១៣ម៉ឺនដុល្លារឡើងទៅ។
-->

លោកបន្តថា “ហេតុផលនៃការចាប់ផ្តើមគំរោងថ្មីនេះ ដោយសារគំរោងពីមុនៗមក ក្រុមហ៊ុនបានលក់ដាច់ជាបន្តបន្ទាប់ និងលក់ដាច់អស់ហើយ ទើបយើងចាប់ផ្តើមគំរោងថ្មីៗបន្ថែមទៀត។លោកបន្តថា “រឿងនយោបាយ មិនមានបញ្ហាអ្វីនោះទេ អ្នកវិនិយោគនៅតែបន្តវិនិយោគ បើពួកគេខ្លាច បើខ្ញុំខ្លាចខ្ញុំមិនវិនិយោគនោះទេ។
លោកឧកញ៉ាលី ហួរបានបន្តថា គម្រោងថ្មីនេះស្ថិតនៅលើផ្ទៃដីទំហំ១៥ហិកតា និងជាគំរោងដែលកំពុងឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋបានទុកចិត្តគំរោងរបស់យើង ដោយសារកេរ្ត៍ឈ្មោះរបស់បុរី ដែលតែងគិតគូពីគុណភាព សោភ័ណភាព និងផាសុខភាពដល់អ្នករស់នៅ។
លោកហ៊ឹម ស៊ីហានាយកផ្នែកវាយតម្លៃនៃក្រុមហ៊ុន VTRUST Propertyបានថ្លែងឲ្យដឹងថា ទីផ្សារបុរីនៅតែមានភាពអំណោយផលក្នុងទីផ្សារ ដោយសារកត្តាជាច្រើនដួចជា កំនើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ កំនើនប្រជាសាស្ត្រនៅក្នុងទីក្រុងកាន់តែកើនឡើងច្រើន ការផ្តល់ឥណទានទិញលំនៅដ្ឋានកាន់តែមានភាពងាយស្រួល ពិសេសកំណើនសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជា នៅតែមានភាពរ៉ឹងមាំ។

លោកបន្តថា “ហេតុផលទាំងនេះហើយ ដែលជំរុញឲ្យការវិនិយោគបុរីនានា តែងតែទទួលបានជោគជ័យ និងលក់ដាច់ជាបន្តបន្ទាប់ ទោះបីជាចំនួនបុរីបានកើនឡើងនៅកម្ពុជាក្តី”៕