Hattha top Banner

បុរី​វិមាន​ភ្នំពេញ​ចាប់ផ្តើម​វិនិយោគ​គំរោង​ទី៨របស់ខ្លួន

0

ដោយ៖ គង់ សូរិយា

ភ្នំពេញ៖ ឆ្លើយតប​នឹង​កំនើន​នៃ​តម្រូវការ​របស់​ប្រជាពលរដ្ឋ បុរី​វិមាន​ភ្នំពេញ​បានចាប់ផ្តើម​គំរោង​ទី៨របស់​ខ្លូន ស្ថិតនៅលើ​ផ្ទៃដី១៥ហិកតា ស្របពេល​ស្ថានភាព​ទីផ្សារ​បុរី​នៅតែមាន​កំនើន​តម្រូវការ​ខ្ពស់។

អគ្គនាយក​ក្រុមហ៊ុន លី ហួរ​គ្រុប និង​ជា​ម្ចាស់​បុរី​វិមាន​ភ្នំពេញ​លោក​ឧកញ៉ា​លី ហួរ​បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ទី២៩ វិច្ឆិកា​នេះ​ថា លោក​បាននិងកំពុង​ចាប់ផ្តើម​គំរោង​ទី៨ នៃ​បុរី​វិមាន​ភ្នំពេញ ដែលមាន​ទីតាំង​នៅតាម​បណ្តោយ​ផ្លូវ​បុរី​អង្គរ ជា​ផ្លូវ​ដែលមាន​ទំហំ៣០ម៉ែត្រ។ គំរោង​នេះ​មាន​ទីតាំង​នៅក្បែរ​បុរី​វិមាន​ភ្នំពេញ​សព្វថ្ងៃ​ផងដែរ។លោក​បន្តថា ទោះជា​យ៉ាងណា​គំរោង​ថ្មី​នេះ​មិនទាន់បាន​ដាក់ឈ្មោះ​នៅឡើយ​ទេ តែ​យើង​បាននិងកំពុង​ចាប់ផ្តើម​លក់​និង​ត្រៀម​ចាប់ផ្តើម​សាងសង់​ហើយ។ គំរោង​នេះ​មានផ្ទះ​ល្វែង និង​ផ្ទះ​បែប​វីឡា​ប្រណីត ដែលមាន​តម្លៃ​ចាប់ពី១៣ម៉ឺន​ដុល្លារ​ឡើងទៅ។

លោក​បន្តថា “ហេតុផល​នៃ​ការចាប់ផ្តើម​គំរោង​ថ្មី​នេះ ដោយសារ​គំរោងពីមុនៗមក ក្រុមហ៊ុន​បាន​លក់ដាច់​ជា​បន្តបន្ទាប់ និង​លក់ដាច់​អស់ហើយ ទើប​យើង​ចាប់ផ្តើម​គំរោងថ្មីៗបន្ថែមទៀត។លោក​បន្តថា “រឿង​នយោបាយ មិនមាន​បញ្ហា​អ្វី​នោះទេ អ្នកវិនិយោគ​នៅតែ​បន្ត​វិនិយោគ បើ​ពួកគេ​ខ្លាច បើ​ខ្ញុំ​ខ្លាច​ខ្ញុំ​មិន​វិនិយោគ​នោះទេ។

លោក​ឧកញ៉ា​លី ហួរ​បាន​បន្តថា គម្រោង​ថ្មី​នេះ​ស្ថិតនៅលើ​ផ្ទៃដី​ទំហំ១៥ហិកតា និង​ជា​គំរោង​ដែល​កំពុង​ឆ្លើយតប​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ហើយ​ប្រជាពលរដ្ឋ​បាន​ទុកចិត្ត​គំរោង​របស់​យើង ដោយសារ​កេ​រ្ត៍​ឈ្មោះ​របស់​បុរី ដែល​តែង​គិតគូ​ពី​គុណភាព សោភ័ណភាព និង​ផាសុខភាព​ដល់​អ្នករស់នៅ។

លោក​ហ៊ឹម ស៊ី​ហា​នាយក​ផ្នែក​វាយតម្លៃ​នៃ​ក្រុមហ៊ុន VTRUST Propertyបាន​ថ្លែង​ឲ្យ​ដឹងថា ទីផ្សារ​បុរី​នៅតែមាន​ភាពអំណោយ​ផល​ក្នុង​ទីផ្សារ ដោយសារ​កត្តា​ជាច្រើន​ដួច​ជា កំនើន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ កំនើន​ប្រជាសាស្ត្រ​នៅក្នុង​ទីក្រុង​កាន់តែ​កើនឡើង​ច្រើន ការផ្តល់​ឥណទាន​ទិញ​លំនៅដ្ឋាន​កាន់​តែមាន​ភាពងាយស្រួល ពិសេស​កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា នៅតែមាន​ភាព​រ៉ឹង​មាំ។

លោក​បន្តថា “ហេតុផល​ទាំងនេះហើយ ដែល​ជំរុញ​ឲ្យ​ការវិនិយោគ​បុរី​នានា តែងតែ​ទទួលបាន​ជោគជ័យ និង​លក់ដាច់​ជា​បន្តបន្ទាប់ ទោះបីជា​ចំនួន​បុរី​បាន​កើនឡើង​នៅ​កម្ពុជា​ក្តី”៕

LEAVE A REPLY

Please enter your comment!
Please enter your name here