រឿង​គួរ​ស្វែងយល់​!​ ​តើ​ការប្រើ​ប្រាស់​ដុល្លារ​រូប​នី​យក​ម្ម​មានគុណ​វិបត្តិ​ ​និង​​គុណសម្បត្តិ​អ្វីខ្លះ​?​

0

ដោយ​ ​វុត្ថា

​ភ្នំពេញ​៖​ ​ដុល្លា​រូប​នី​យក​ម្ម​ ​(​Dollarization​)​ ​គឺជា​ការ​ចាប់​យក​រូបិយប័ណ្ណ​របស់​បរទេស​ណាមួយ​ ​សម្រាប់​ធ្វើការ​ទូទាត់​ស្របច្បាប់​នៅក្នុង​ប្រតិបត្តិ​ការ​រូបិយវត្ថុ​។​ ​សម្រាប់​ប្រទេស​កម្ពុជា​ ​បាន​ប្រើប្រាស់​ដុល្លា​រូប​នី​យក​ម្ម​។​ ​

តើ​ការប្រើ​ប្រាស់​បែបនេះ​មានគុណ​វិបត្តិ​ ​និង​គុណសម្បត្តិ​អ្វីខ្លះ​?​

​•​ ​គុណសម្បត្តិ​
​គុណ​សម្ប​បត្តិ​ររបស់​វា​គឺ​នៅត្រង់​ថា​ ​នៅក្នុង​ពេល​ដែល​សាធារណជន​មិន​មានទំនុក​ចិត្ត​លើ​លុយ​រៀល​ ​ការអនុញ្ញាត​ឲ្យ​ចាយ​លុយ​ដុល្លារ​ ​អាច​បញ្ចៀស​កុំ​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈមមុខនឹង​ចលនា​ហូរចេញ​មូលធន​ទៅក្រៅ​ប្រទេស​។​ ​ដោយសារតែ​មិន​មានទំនុក​ចិត្ត​លើ​លុយ​រៀល​ ​អ្នកមាន​លុយ​មិន​ចង់​រក្សាទុក​លុយ​រៀល​ច្រើន​ ​ហើយ​នាំគ្នា​ស្វះស្វែង​រក​កន្លែង​ទុក​លុយ​ជាដុល្លារ​ ​ឬ​លុយ​បរទេស​ផ្សេងទៀត​ ​ដែលគេ​គិតថា​មាន​ហានិភ័យ​តិច​ជាង​។​ ​

​ប្រសិនបើ​នៅ​កម្ពុជា​ ​ដុល្លារ​មិន​ត្រូវ​បាន​អនុញ្ញាត​ ​ឲ្យ​ធ្វើ​ចរាចរ​យ៉ាង​ទូលំទូលាយ​ដូចសព្វថ្ងៃ​នេះ​ទេ​ ​ដើម្បី​អាច​ទុក​លុយ​ជាដុល្លារ​បាន​ ​គេ​ប្រាកដជា​ត្រូវ​យក​លុយ​ទៅ​ទុក​នៅក្នុង​ធនាគារ​ឯក្រៅ​ប្រទេស​ ​ហើយ​មូលធន​ដែល​ជា​កត្តា​សំខាន់​ ​សំរាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ ​នឹង​ត្រូវ​ហូរចេញ​ទៅក្រៅ​ប្រទេស​។​ ​

ក្នុងករណី​ខ្លះទៀត​ ​អ្នកមាន​លុយ​ ​ដែល​មិន​ចង់​ទុកជា​លុយ​រៀល​ ​ហើយក៏​មិន​អាច​ទុកជា​ដុល្លារ​នៅក្នុង​ប្រទេស​បាន​ ​អាច​នាំគ្នា​យក​លុយ​ទៅ​ទិញ​មាស​ទុក​ជំនួស​វិញ​។​ ​

​ការ​ទុក​លុយ​ជា​មាស​នេះ​ ​ក៏​មិន​ខុសពី​ការ​យក​លុយ​ទៅ​ទុក​នៅ​ឯ​ធនាគារ​បរទេស​ដែរ​ ​គឺ​វា​នាំឲ្យ​កម្ពុជា​ត្រូវ​បាត់បង់​មូលធន​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​។​ ​គុណប្រយោជន៍​មួយទៀត​ ​នៃ​ការ​ចាយ​លុយ​ដុល្លារ​ ​គឺ​វា​ជួយ​សម្រួល​ដល់​កម្ពុជា​ ​ក្នុង​ការ​ធ្វើស​មា​ហរ​ណ​កម្ម​ ​ក្នុង​ពាណិជ្ជកម្ម​អន្តរជាតិ​។​ ​ដុល្លារ​អាមេរិក​ ​ដែល​ជា​រូបិយប័ណ្ណ​ដ៏​មាន​ស្ថិរភាព​បាន​ជួយ​កម្ពុជា​ឲ្យ​មាន​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ ​និង​បង្កើត​បរិយាកាស​ដែល​មាន​អំណោយផល​ ​សម្រាប់​ការ​ធ្វើជំនួញ​។​ ​

​ការ​ចាយ​លុយ​ដុល្លារ​ ​ធ្វើឲ្យ​អ្នកជំនួញ​អាច​កាត់បន្ថយ​ការ​ចំណាយ​ទៅលើ​ការ​ប្តូរ​ប្រាក់​ ​រវាង​លុយ​រៀល​ ​និង​លុយ​ដុល្លារ​ ​ហើយ​ហានិភ័យ​នៃ​អត្រា​ប្តូរ​ប្រាក់​ក៏​ត្រូវ​កាត់បន្ថយ​ច្រើន​ផង​ដែរ​។​ ​ទាំងនេះ​គឺជា​កត្តា​សំខាន់​មួយ​ ​ដែល​ជំរុញ​ឲ្យ​មាន​វិនិយោគ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​ ​ជាពិសេស​នៅក្នុង​វិស័យ​កាត់ដេរ​។​

​•​ ​គុណវិបត្តិ​
​ ​ទន្ទឹម​នឹង​មានគុណ​សម្បត្តិ​អស់ទាំង​នេះ​ ​ការ​ចាយ​លុយ​ដុល្លារ​ក៏​មានគុណ​វិបត្តិ​ច្រើន​ផង​ដែរ​។​ ​គុណវិបត្តិ​ធំជាង​គេ​ ​គឺ​កម្ពុជា​ត្រូវ​បាត់បង់​អាវុធ​ដ៏​សំខាន់​មួយ​ ​នៅក្នុង​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ ​គឺ​នយោបាយ​រូបិយវត្ថុ​។​ ​ការ​ចាយ​លុយ​ដុល្លារ​អាមេរិក​យ៉ាង​ទូលំទូលាយ​ដូច​ពេល​បច្ចុប្បន្ន​នេះ​ ​មានន័យថា​ទោះ​ចង់​មិន​ចង់​ ​មួយ​ផ្នែក​ធំ​នៃ​នយោបាយ​រូបិយវត្ថុ​របស់​កម្ពុជា​ ​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ធនាគារ​កណ្តាល​អាមេរិក​ ​ជា​អ្នកចាត់ចែង​ជំនួស​ធនាគារជាតិ​កម្ពុជា​វិញ​។​

​គេ​អាច​និយាយ​ថា​ ​អាមេរិក​ជាម​ហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ ​ហើយ​ធនាគារ​កណ្តាល​អាមេរិក​ ​ជា​ស្ថាប័ន​ដែល​មាន​សមត្ថភាព​ខ្ពស់​ ​និង​ដែល​គួរឲ្យ​គេ​ទុកចិត្ត​។​ ​ដូច្នេះ​ ​បើ​ឲ្យ​អាមេរិក​ ​ជា​អ្នកចាត់ចែង​នយោបាយ​រូបិយវត្ថុ​ជំនួស​ធនាគារជាតិ​កម្ពុជា​ ​វា​ក៏​គួរ​ជា​រឿង​ល្អ​ដែរ​។​ ​ក៏ប៉ុន្តែ​គេ​មិន​គួរ​ភ្លេច​ទេ​ថា​ ​ប្រទេស​នី​មួយ​ៗ​មាន​លក្ខណៈ​ពិ​សេ​សរៀងៗ​ខ្លួន​ ​និង​មាន​ស្ថានភាព​សេដ្ឋ​កិ​ច្ច​ខុស​ៗ​គ្នា​ ​ហើយ​ពេលខ្លះ​ចាំបាច់​ត្រូវ​មាន​នយោបាយសេដ្ឋកិច្ច​ខុសគ្នា​ ​ដើម្បី​ឆ្លើយតបទៅនឹង​តម្រូវការ​សេដ្ឋ​កិ​ច្ច​រៀង​ៗ​ខ្លួន​។​

​ម្យ៉ាងទៀត​ ​រូបិយប័ណ្ណ​ជាតិ​ ​គឺជា​និមិត្តរូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។​ ​ដូច្នេះ​ ​ការ​ចាយ​លុយ​រៀល​ ​ដែល​ជា​រូបិយប័ណ្ណ​ជាតិ​ ​និង​ការគ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​យ៉ាង​ពេញលេញ​ដោយខ្លួនឯង​ ​វា​មិន​ត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ ​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះទេ​ ​តែ​វា​ក៏​ជា​មោទនភាព​របស់​ជាតិខ្មែរ​ទាំងមូល​ផង​ដែរ​។​ ​ក៏ប៉ុន្តែ​ដើម្បីឲ្យ​លុយ​រៀល​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន​ ​និង​ជា​មោទនភាព​របស់​ជាតិខ្មែរ​បាន​ ​រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវតែ​ដាក់ចេញ​នូវ​នយោបាយ​ ​ដើម្បី​ស្តារ​ទំនុកចិត្ត​លើ​លុយ​រៀល​ឡើងវិញ​៕​

​ប្រភព​៖​ ​សំនួរ​ចម្លើយ​ឯកសារត្រៀម​ប្រឡង​ចូល​ពន្ធ​ដា​

LEAVE A REPLY

Please enter your comment!
Please enter your name here