ដោយៈ គង់ ហ្វីអូណា
ភ្នំពេញៈ ក្រុមប្រតិភូអ្នកធុរកិច្ចបារាំង បានស្វែងរកឱកាស និងកាលានុវត្តន៍ភាព ក្នុងការវិនិយោគនៅកម្ពុជានាពេលខាងមុខ។
លោកសួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជា/ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៥ វិច្ឆិកា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូវិនិយោគិនបារាំង ដែលបាននិងកំពុងធ្វើទស្សនកិច្ច ស្វែងយល់ពីកាលានុវត្តន៍ភាពធុរកិច្ច និងវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបនេះ ការពិភាក្សាបានផ្តោតលើលទ្ធភាព ក្នុងការបណ្ដាក់ទុនវិនិយោគលើការផលិត និងបម្រើសេវាកម្មច្នៃប្រឌិត (Creative Services) ក្នុងវិស័យសិល្បៈ ដើម្បីលើកកម្ពស់វប្បធម៌ដ៏ផូរផង់របស់ជាតិខ្មែរ។ វិនិយោគិនបារាំង មានបំណងនាំយកនូវគំរូវិនិយោគតាមរូបភាពជាការវិនិយោគ ដែលជះឥទ្ធិពល (Impact investment) ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ដែលពួកគាត់បានអនុវត្តន៍ ដោយជោគជ័យនៅសហគមន៍អឺរ៉ុបជាង៣០ឆ្នាំកន្លងមកនេះ មកអនុវត្តន៍នៅកម្ពុជា។






