ដោយ: គង់ លាងហួរ
អន្តរជាតិ: ការសិក្សារបស់ធនាគារកណ្តាលកូរ៉េ (BOK) បានរកឃើញថា បញ្ញាសប្បនិម្មិត (AI) អាចជំនួសការងាររបស់មនុស្សបានរហូតដល់ទៅ៤លាននាក់ ឬស្មើនឹង១៤% នៃការងារសរុបនៅប្រទេ សកូរ៉េខាងត្បូង ក្នុងរយៈពេល២ទសវត្សរ៍ខាងមុខ ដោយបន្ថែមការព្រមានអំពីការរំខាន ដល់ទីផ្សារការងារនៅជុំវិញពិភពលោក។
ក្រុមមួយ ដែលដឹកនាំដោយលោក Oh Sam-il ប្រចាំនៅធនាគារកណ្តាលកូរ៉េ (BOK) បានអះអាងថា អ្នកធ្វើការដែលមានប្រាក់ចំណូលខ្ពស់ និងមានប្រវត្តិសិក្សាល្អ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំង ខណៈដែល Al អាចដោះស្រាយការងារវិភាគ និងការងារយល់ដឹងរបស់ពួកគេកាន់តែងាយស្រួល។
ជាក់ស្តែង អ្នកគីមីវិទ្យា វេជ្ជបណ្ឌិត មេធាវី គណនេយ្យករ និងអ្នកគ្រប់គ្រងទ្រព្យសកម្ម ស្ថិតក្នុងចំណោមអ្នក ដែលរងហានិភ័យនៃការបាត់បង់ការងារខ្លាំងបំផុត ប៉ុន្តែអ្នកធ្វើការក្នុងវិស័យសាសនា សេវាម្ហូបអាហារ ការបង្រៀន និងការច្រៀង មានអត្រាងាយរងគ្រោះបំផុតទាបជាងគេបំផុត។
ប្រទេសកូរ៉េខាងត្បូង មានអត្រាប្រើប្រាស់មនុស្សយន្តខ្ពស់ជាងគេបំផុតមួយ របស់ពិភពលោករួចទៅហើយ ដោយសារប្រទេសនេះខិតខំកាត់បន្ថយផលប៉ះពាល់ ដែលបណ្តាលមកពីកំណើននៃប្រជាជនវ័យចំណាស់។
យោងតាមរបាយការណ៍ របស់ធនាគារវិនិយោគពហុជាតិរបស់អាមេរិក Goldman Sachs ក្នុងឆ្នាំនេះបានប៉ាន់ប្រមាណថា AI អាចនឹងជំនួសការងារ របស់មនុស្សចំនួន៣០០លាននាក់ នៅទូទាំងពិភពលោក ដោយគិតជាមធ្យមការងារប្រមាណជា១៨% អាចនឹងត្រូវធ្វើដោយបញ្ញាសិប្បនិម្មិត ហើយAI អាចបង្កើនតម្លៃសរុបប្រចាំឆ្នាំនៃទំនិញ.និងសេវាកម្ម ដែលផលិតនៅទូទាំងពិភពលោក បានរហូតដល់ទៅ៧%។
ចំណែក របាយការណ៍របស់ក្រុមហ៊ុន ផ្តល់សេវាប្រឹក្សាយោបល់ផ្នែកគ្រប់គ្រង McKinsey & Company ក៏បានផ្តល់ការព្យាករណ៍ស្រដៀងគ្នានេះផងដែរ អំពីហានិភ័យនៃការបាត់បង់ ការងាររបស់បុគ្គលិ កដែលមានចំណេះដឹង ប៉ុន្តែក្រុមហ៊ុននេះបញ្ជាក់ថា AI បានបង្កើនល្បឿនផលិតភាពនៅទូទាំងពិភពលោក។
ការសិក្សារបស់ធនាគារ BOK បានបន្ថែមថា Al នឹងជំរុញតម្រូវការ STEM – ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា រួមជាមួយនឹងជំនាញអន្តរបុគ្គល ដូចជាទំនាក់ទំនង និងការងារជាក្រុម៕