តែម សុខុម
សិង្ហបុរី: កំពូលមហាសេដ្ឋី Jack Ma សហស្ថាបនិកក្រុមហ៊ុនយក្ស Alibaba “មានសុទិដ្ឋិនិយមខ្លាំង” ចំពោះក្រុមហ៊ុន ហើយបានប្ដេជ្ញារក្សាទុកភាគហ៊ុនក្នុងក្រុមហ៊ុននេះ។
នេះបើយោងតាមសារព័ត៌មាន South China Morning Post បានចុះផ្សាយកាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ដោយដកស្រង់សេចក្ដីថ្លែងការណ៍ពីការិយាល័យរបស់លោក។
ការអត្ថាធិប្បាយពីការិយាល័យរបស់លោក Jack Ma នេះកើតមានឡើងមួយថ្ងៃបន្ទាប់ពីឯកសារមួយរបស់និយ័តករបានបង្ហាញថា មូលនិធិគ្រួសាររបស់លោកគ្រោងលក់ចេញ១០លានភាគហ៊ុននៃក្រុមហ៊ុន Alibaba Group Holdings ដែលរក្សាទុកនៅធនាគារអាមេរិក ក្នុងតម្លៃប្រមាណ៨៧១លានដុល្លារ។ការិយាល័យរបស់លោក Jack Ma បាននិយាយថា “យើងជឿថា តម្លៃភាគហ៊ុនបច្ចុប្បន្នគឺស្ថិតក្រោមតម្លៃសមរម្យរបស់វា”។ ទោះជាយ៉ាងណា ពេលទីភ្នាក់ងារព័ត៌មាន Reuters ទាក់ទងទៅដើម្បីសុំការឆ្លើយបំភ្លឺ ក្រុមហ៊ុន Alibaba មិនបានឆ្លើយតបនោះទេ។
ការលក់ដូរភាគហ៊ុននេះនឹងធ្វើឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ដោយក្រុមហ៊ុន JSP Investment និងក្រុមហ៊ុន JC Properties ដែលជាផ្នែកមួយនៃមូលនិធិគ្រួសាររបស់លោក Jack Ma៕ Reuters ៕