ដោយៈ គង់ សូរិយា
ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្ត បានធ្វើបទបង្ហាញស្តីអំពីសក្តានុពល និងកាលានុវត្តភាព នៃការវិនិយោគក្នុងខេត្តព្រះសីហនុ ជូនប្រតិភូជាតិ និងអន្តរជាតិ ក្នុងដំណើរទស្សនកិច្ចការងារ ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (Amcham) សរុបសមាសភាពប្រមាណ៤៣រូបកាលពីសប្តាហ៍មុន។
ការធ្វើបទបង្ហាញនេះ បានធ្វើឡើងដោយលោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ។ បទបង្ហាញនេះ ធ្វើឡើងក្នុងគោលបំណង ចូលរួមបង្កើនពិពិធកម្មវិនិយោគិន ចូលរួមជំរុញ និងលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងអាមេរិក។
-->
ក្នុងបទបង្ហាញជូន ដល់គណៈប្រតិភូធុរកិច្ចប្រធាន អគ្គនាយក និងតំណាងក្រុមហ៊ុន ប្រមាណ២០ក្រុមហ៊ុននេះ លោកអភិបាលរងបានលើកឡើង អំពីស្ថានភាពទូទៅនៃខេត្ត ហេដ្ឋារចនាសម្ព័ន្ធ និងឱកាសនៃការវិនិយោគ លើវិស័យអាទិភាពសំខាន់ៗ ដែលមានសក្តានុពល តែនៅមិនទាន់ទទួលបានការវិនិយោគ គ្រប់គ្រាន់ស័ក្តិសមនៅឡើយ។
លើសពីនេះទៀត លោកអភិបាលរងខេត្ត ក៏បានពន្យល់អំពីស្ថានភាពបច្ចុប្បន្ន វិធានការនានាក្នុងការដោះស្រាយ គម្រោងវិនិយោគជាប់គាំង ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងបានស្នើឱ្យវិនិយោគិន ងាកមកចាប់អារម្មណ៍មកវិនិយោគបន្ត នូវអគារដែលមិនទាន់រួចរាល់ ជាស្ថាពរក្នុងខេត្តព្រះសីហនុផងដែរ។
លោកឡុង ឌីម៉ង់បានបន្ថែមថា តាមទិន្នន័យដែលទទួលបានពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ សហរដ្ឋអាមេរិកគឺជាគោលដៅនាំចេញទំនិញធំជាងគេបំផុត ដែលមានបរិមាណប្រមាណ៣៤%នៃទំនិញនាំចេញសរុបរបស់កម្ពុជា។លោកបញ្ជាក់ថា “ខេត្តព្រះសីហនុ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់ទទួលស្វាគមន៍ វិនិយោគិនបរទេសបន្ថែមទៀត ជាពិសេសគណៈប្រតិភូពាណិជ្ជករដែលមានវត្តមាននៅក្នុងនេះតែម្តង”។
តាមរយៈការសម្របសម្រួលពីរដ្ឋបាល ខេត្តព្រះសីហនុ ប្រតិភូAmcham បានធ្វើទស្សនកិច្ចទៅ កាន់ទីតាំងសំខាន់ៗរបស់ខេត្ត មានដូចជា កំពង់ផែស្វយ័តក្រុងព្រះសីហនុ តំបន់ភណ្ឌាគារគយ តំបន់អភិវឌ្ឍBay of lights, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងរោងចក្រផលិតក្តារកម្រាលAHFផងដែរ៕