ដោយ គង់ សូរិយា
ភ្នំពេញ៖ អាកាសយានដ្ឋានខេត្ដព្រះសីហនុបាននិងកំពុង ពង្រីកសមត្ថភាពទទួលការចុះចត ការហោះហើរ និងទទួលភ្ញៀវឆ្លងកាត់ឲ្យកាន់កាន់តែបានច្រើន និងល្អប្រសើរនោះ តាមរយៈការពង្រីកផ្លូវរត់យន្ដហោះ និងអាគារអ្នកដំណើរ សម្រាប់បំរើសេវាកម្មឲ្យឈានដល់ស្តង់ដាអន្ដរជាតិ។
អនុរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាលោកសយ សុខាន់បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៨ កុម្ភៈកន្លងមក បានដឹកនាំប្រតិភូបច្ចេកទេសអាកាសចរណ៍ស៊ីវិល សហការជាមួយក្រុមហ៊ុនបារាំង អេស ស៊ី អេ (SCA) ចុះធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការពង្រឹង និងពង្រីកផ្លូវហោះហើរនៃព្រលានយន្តហោះអន្តរជាតិអន្តរជាតិ ខេត្តព្រះសីហនុ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ តម្រូវឱ្យក្រុមហ៊ុនអេស ស៊ី អេ រៀបចំអភិវឌ្ឍន៍ព្រលានយន្តហោះតាមកិច្ចព្រមព្រៀង ឲ្យទៅជាព្រលានយន្តហោះលំដាប់ហ្វ័រអ៊ី (4E) ដើម្បីពិនិត្យនិងរៀបចំធ្វើបទបង្ហាញនូវប្លង់មេ សម្រាប់ការអភិវឌ្ឍផ្លូវរត់របស់យន្ដហោះ និងការពង្រីកទីលានហោះហើរថ្មី ឲ្យទៅជាលំដាប់ ហ្វ័រអ៊ី (4E) ដែលជាលំដាប់ស្ដង់ដារអន្ដរជាតិ អាចទទួលការចុះចត និងហោះហើរបានគ្រប់ប្រភេទយន្ដហោះ។
/5b3439ec2aab2_1530149340.jpg)
-->
អាកាសយានដ្ឋាននេះមានទីតាំងស្ថិតនៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។ លោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជាបានមានប្រសាសន៍ថា នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បានអភិវឌ្ឍខ្លួនបន្តិចម្ដងបន្តិចម្ដងៗ ដើម្បីពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធបន្ថែម ដូចជាផ្លូវរត់ចុះចត និងហោះហើរ និងស្ថានីយ៍អ្នកដំណើរជាដើម។ល។ ដើម្បីឆ្លើយតបតម្រូវការហោះហើរកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
ព្រលាននេះកាលពីមុនមានចម្ងាយផ្លូវរត់ប្រវែង១.៨០០ម៉ែត្រ រហូតមកដល់លំដាប់ស៊ីហ្វ័រ (C4) ដែលមានប្រវែងផ្លូវរត់២.៥០០ម៉ែត្រ នឹងបន្ដពង្រីកបន្ថែមរហូតដល់លំដាប់ហ្វ័រអ៊ី (4E) ដែលមានប្រវែង ៣.៣០០ម៉ែត្រ និងទទឹង៤៥ម៉ែត្រលំដាប់អន្ដរជាតិ ដែលអាចទទួលយន្ដហោះខ្នាតធំៗចុះចត និងរត់ហោះហើរបាន។
នៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ចំនួន១១បានហោះហើរ និងចុះចតជាប្រចាំ ដែលចំនួននេះមិនទាន់រាប់បញ្ចូលការហោះហើរជាលក្ខណៈជួលនោះទេ។

លោក ពេជ្រ សុប៉ុនតារា ប្រធានផ្នែកបង្កើនជើងហោះហើរ នៃក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជាបានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ព្រលានយន្តហោះនេះក្រោយការពង្រីករួច នឹងមានប្រវែងផ្លូវរត់ និងទំហំដូចគ្នានឹងព្រលានយន្តហោះអន្តរជាតិភ្នំពេញនាពេលបច្ចុប្បន្ននេះ និងមានសមត្ថភាពអាចទទួលអ្នកដំណើរបាន១០លាននាក់ក្នុងមួយឆ្នាំ។ ខណៈបច្ចុប្បន្នព្រលានយន្តហោះនេះមានទំហំផ្លូវរត់ដូចគ្នា នឹងព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។
លោកបន្តថា “ការពង្រីកព្រលានយន្តហោះនេះ ជាការឆ្លើយតបនឹងកំនើនជើងហោះហើរ និងការរីកចម្រើនរបស់វិស័យអាកាសចរណ៍កម្ពុជា”៕