ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មានរបស់ប្រទេសឡាវបានចុះផ្សាយឱ្យដឹងថា ប្រទេសចិនបានបណ្តាក់ទុនវិនិយោគជាង៩០០គម្រោង ក្នុងតម្លៃទុនសរុបប្រមាណ១៣ពាន់លានដុល្លារ នៅក្នុងប្រទេសឡាវ។
កាលពីថ្ងៃទី១៤ ខែវិច្ឆិកាកន្លងទៅ លោក Khamjen Vongphosi រដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគនៃប្រទេសឡាវ បានថ្លែងនៅក្នុងកិច្ចប្រជុំផ្លាស់ប្តូរលើកទី៧ រវាងរដ្ឋាភិបាលឡាវ និងពាណិជ្ជករចិនថា បច្ចុប្បន្ននេះ ប្រទេសចិនបានបោះទុនវិនិយោគលើគ្រប់វិស័យ ដោយមានគម្រោងជាង៩០០ ក្រោមទុនសរុបប្រមាណ១៣ពាន់លានដុល្លារ និងបានក្លាយខ្លួនជាប្រទេសដែលបណ្តាក់ទុនវិនិយោគច្រើនជាងគេបំផុត នៅក្នុងប្រទេសឡាវ។
នៅក្នុងឆ្នាំ២០២២ ប្រទេសឡាវទទួលបានគម្រោងវិនិយោគពីក្រុមហ៊ុនចិនចំនួន៣០ គិតជាទំហំទឹកប្រាក់ប្រមាណ៣៣៩លានដុល្លារ រាប់បញ្ចូលទាំងការបណ្ដាក់ទុនលើវិស័យជីករ៉ែ វិស័យផ្ដល់ប្រឹក្សា និងវិស័យសុខភាពសាធារណៈជាដើម។





