ដោយ: គង់ លាងហួរ
អន្តរជាតិ: អ្នកជំនាញបានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាពិចារណាលើការផ្តល់ទិដ្ឋាការរយៈពេលវែងដល់ភ្ញៀវទេសចរបរទេស ខណៈបណ្តាប្រទេសជាច្រើននៅតំបន់អាស៊ីអាគ្នេយ៍កំពុងប្រកួតប្រជែងគ្នាដើម្បីជំរុញការងើបឡើងវិញនៃវិស័យទេសចរណ៍ជាមួយនឹងការដាក់ចេញគោលនយោបាយអន្តោប្រវេសន៍ដែលអាចបត់បែនបាន។នេះបើយោងតាមសារពត៌មាន VNexpressចុះផ្សាយកាលពីពេលថ្មីៗនេះ។
លោក ធួន សុីណាន ប្រធានសមាគមទេសចរណ៍អាសុីប៉ាសុីហ្វិកប្រចាំប្រទេសកម្ពុជា លើកឡើងថា ទិដ្ឋាការរយៈពេលវែងគួរតែត្រូវបានពិចារណា តាមរយៈការប្រែក្លាយទិដ្ឋាការចូលប្រទេសបានតែមួយលើក ទៅជាទិដ្ឋាការចូលបានច្រើនលើក ក្នុងរយៈពេលយ៉ាងតិចចាប់ពី១ខែ រហូតទៅដល់៣ខែ។
លោកបានបន្ថែមថា រដ្ឋាភិបាលគួរតែពិចារណាផ្តល់ទិដ្ឋាការប្រចាំឆ្នាំ ជាមួយនឹងគោលនយោបាយទាក់ទាញ ដើម្បីស្រូបទាញជនបរទេសដែលមានបំណងចង់មករស់នៅប្រទេសកម្ពុជា។
លោក Craig Dodge នាយកផ្នែកលក់ និងទីផ្សារសម្រាប់ការសម្តែងរបស់ក្រុមសៀកនៃអង្គការ Phare អះអាងថា រដ្ឋាភិបាលគួរតែផ្តល់ទិដ្ឋាការចូលប្រទេសបានច្រើនលើក ក្នុងរយៈពេលជាក់លាក់ណាមួយ ដើម្បីបង្កភាពងាយស្រួលដល់អ្នកដំណើរ ដែលចង់ស្វែងយល់ពីតំបន់អាសុី ដើម្បីអាចត្រឡប់មកកម្ពុជាវិញបានច្រើនដងក្នុងអំឡុងពេលទស្សនកិច្ចរបស់ពួកគេ។
ជាមួយគ្នានេះ បណ្តាប្រទេសជិតខាងមួយចំនួនរបស់កម្ពុជា ដូចជាប្រទេសថៃ និងប្រទេសវៀតណាម កំពុងខិតខំស្រូបទាញភ្ញៀវទេសចរអន្តរជាតិ តាមរយៈការដាក់ចេញមធ្យោបាយ និងគោលនយោបាយពិសេសជាច្រើន។
តួយ៉ាង ចាប់ពីពាក់កណ្តាលខែសីហា ប្រទេសវៀតណាមបាននឹងកំពុងដាក់ចេញទិដ្ឋាការទេសចរណ៍សម្រាប់ប្រជាជនមកពីគ្រប់ប្រទេស និងដែនដីដែលមានសុពលភាពរយៈពេល៩០ថ្ងៃ និងទិដ្ឋាការចូលបានច្រើនលើក។
ចំណែកឯ ប្រទេសថៃបានលើកលែងទិដ្ឋាការសម្រាប់អ្នកធ្វើដំណើរមកពីប្រទេសចិន កាហ្សាក់ស្ថាន ឥណ្ឌា និងតៃវ៉ាន់ ហើយផ្តល់ការលើកលែងទិដ្ឋាការរយៈពេល៩០ថ្ងៃសម្រាប់ទីផ្សារមួយចំនួន ដូចជាប្រទេសរុស្ស៊ីជាដើម៕