សេដ្ឋកិច្ចឌីជីថលរបស់វៀតណាម នឹងឈានដល់ទំហំ៤៥ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០២៥

0

តែម សុខុម

ហាណូយ: ប្រទេសវៀតណាម ត្រូវបានទទួលស្គាល់ថាមានអត្រាកំណើនសេដ្ឋកិច្ចឌីជីថលលឿនបំផុតប្រចាំតំបន់អាស៊ីអាគ្នេយ៍ រយៈពេល២ឆ្នាំជាប់គ្នា។

ព័ត៌មានខាងលើនេះត្រូវបានបង្ហាញដោយលោក Nguyen Sinh Nhat Tan អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងកិច្ចប្រជុំកំពូលស្ដីពីឧស្សាហកម្មឌីជីថល និងពាណិជ្ជកម្មឆ្នាំ២០២៣ នៅទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា។

អនុរដ្ឋមន្ត្រីរូបនេះបានគូសបញ្ជាក់ថា “សេដ្ឋកិច្ច E-commerce និងឌីជីថលស្ថិតក្នុងចំណោមកម្លាំងចលករដ៏រឹងមាំនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសវៀតណាម”។លោកបានលើកឡើងពីរបាយការណ៍ថ្មីៗនេះពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ក្រុមហ៊ុនវិនិយោគអន្តរជាតិ Temasek ដែលមានទីស្នាក់ការកណ្ដាលនៅប្រទេសសិង្ហបុរី និងក្រុមហ៊ុនប្រឹក្សាយោបល់ស្ដីពីការគ្រប់គ្រងអាមេរិក Bain & Company ដែលបង្ហាញថា វៀតណាម គឺជាប្រទេសដែលមានអត្រាកំណើនសេដ្ឋកិច្ចឌីជីថលលឿនបំផុតនៅអាស៊ីអាគ្នេយ៍ រយៈពេល២ឆ្នាំជាប់គ្នាគឺឆ្នាំ២០២២ និងឆ្នាំ២០២៣។

លោករំពឹងថា ប្រទេសវៀតណាម នឹងបន្តរក្សាបានតំណែងនេះរហូតដល់ឆ្នាំ២០២៥ រួមជាមួយប្រទេសហ្វីលីពីន។សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសវៀតណាម ត្រូវបានរំពឹងថានឹងឈានដល់អត្រាកំណើនប្រចាំឆ្នាំ២០% ដោយកើនឡើងពីទំហំ៣០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំនេះឈានដល់ជិត៤៥ពាន់លានដុល្លារអាមេរិក នៅត្រឹមឆ្នាំ២០២៥៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here