សញ្ញាវិជ្ជមាន: ភាគហ៊ុនអចលនទ្រព្យចិន ហក់ឡើងខ្លាំងស្រឺតៗ បន្ទាប់ពីក្រុងប៉េកាំង ជ្រើសរើស៥០ក្រុមហ៊ុនដើម្បីផ្ដល់ហិរញ្ញប្បទាន

0

តែម សុខុម

Bloomberg: សញ្ញាប័ណ្ណ និងភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន បានហក់ឡើងខ្លាំងស្រឺតៗ បន្ទាប់ពីក្រុងប៉េកាំង ចាប់ផ្ដើមធ្វើសេចក្ដីព្រាងបញ្ជីឈ្មោះក្រុមហ៊ុនអចលនទ្រព្យចំនួន៥០ដើម្បីផ្ដល់ហិរញ្ញប្បទាន។

ដំណឹងវិជ្ជមានដ៏គួរឱ្យអបអរសាទរនេះកើតមានឡើង ខណៈក្រុងប៉េកាំង ខិតខំប្រឹងប្រែងជួយគាំទ្រដល់វិស័យអចលនទ្រព្យចិន ដែលកំពុងដាំក្បាលចុះខ្លាំង។ នេះបើយោងតាមសារព័ត៌មានដ៏ល្បីល្បាញ Bloomberg ចុះផ្សាយនៅថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា នេះ។

ផ្អែកតាមការវាស់ស្ទង់របស់សារព័ត៌មានខាងលើនេះបង្ហាញថា ភាគហ៊ុនអចលនទ្រព្យចិន បានហក់ឡើង៧,៦% ដែលជាការហក់ឡើងខ្លាំងបំផុតចាប់តាំងពីខែកញ្ញា ឆ្នាំនេះ។តួយ៉ាងភាគហ៊ុនរបស់ក្រុមហ៊ុន Sunac China Holdings Ltd ជាក្រុមហ៊ុនសាងសង់ខ្នាតយក្សទី១ របស់ចិន ដែលបានឈានដល់កិច្ចព្រមព្រៀងរៀបចំឥណទានឡើងវិញ បានហក់ឡើងដល់២៧%ដែលឈានមុខគេក្នុងវិស័យអចលនទ្រព្យចិន។ ទន្ទឹមនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Seazen Group Ltd និងក្រុមហ៊ុន Agile Group Holdings Ltd ក៏បានហក់ឡើងដែរ។

សេចក្ដីព្រាងបញ្ជីឈ្មោះក្រុមហ៊ុនអចលនទ្រព្យដែលមានគោលដៅចេញសេចក្ដីណែនាំដល់បណ្ដាធនាគារ ខណៈផ្ដល់ការគាំទ្រដល់ឧស្សាហកម្មអចលនទ្រព្យតាមរយៈកម្ចីធនាគារ បំណុល និងហិរញ្ញប្បទាននេះ ប្រហែលជាអាចជួយកាត់បន្ថយការភ័យខ្លាចចំពោះការធ្លាក់ចុះបន្ថែមទៀតនៅក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន។ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំបំផុតទី២ របស់ប្រទេសចិន China Vanke Co ទទួលបានលទ្ធផលល្អជាងគេផ្នែកសញ្ញាប័ណ្ណអចលនទ្រព្យ ដោយបានហក់ឡើង២,៧សេនឈានដល់៦១សេននៅផ្សារហ៊ុនក្រុងហុងកុង។ ទន្ទឹមនេះ សញ្ញាប័ណ្ណរបស់ក្រុមហ៊ុន Longfor និងក្រុមហ៊ុន Seazen ក៏បានហក់ឡើងដែរ។

ប្រភពអនាមិកបានទម្លាយឱ្យដឹងដោយមិនលម្អិតថា ក្រុមហ៊ុន China Vanke ក្រុមហ៊ុន Seazen និងក្រុមហ៊ុន Longfor បានស្ថិតក្នុងចំណោមក្រុមហ៊ុនដែលត្រូវបានរាយនាមក្នុងបញ្ជីឈ្មោះក្រុមហ៊ុនត្រូវទទួលបានហិរញ្ញប្បទាន។

លោក Karl Chan អ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុអាមេរិក JPMorgan Chase & Co បានលើកឡើងថា ខណៈវិធានការនេះប្រហែលជាអាចបង្កើនការជឿទុកចិត្ត វាទំនងជាមិនអាចបញ្ចប់ការខកខានទូទាត់បំណុលរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ចិន បានឡើយ។

អ្នកវិភាគរូបនេះបានបន្ថែមថា “នេះជាសញ្ញាវិជ្ជមាន ខណៈវាបង្កើនការជឿទុកចិត្តទាំងពីសំណាក់អ្នកទិញផ្ទះ និងធនាគារ។ ប៉ុន្តែប្រសិនបើការលក់អចលនទ្រព្យនៅតែធ្លាក់ចុះខ្លាំង យើងជឿថា ធនាគារភាគច្រើនប្រហែលជាស្ទាក់ស្ទើរក្នុងការពង្រីកការជួយគាំទ្រដល់វិស័យអចលនទ្រព្យចិន”៕ Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here