ដោយ: គង់ លាងហួរ
អន្តរជាតិ: សារពត៌មាន The Nation បានចុះផ្សាយថា សហគ្រាសធុនតូច និងមធ្យម (SMEs) កាន់តែច្រើននៅប្រទេសថៃ កំពុងបង្ខំចិត្តបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ពួកគេ ស្របពេលមានការកើនឡើងនៃបំណុល។
លោក Apichit Prasoprat អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានមានប្រសាសន៍ឱ្យដឹងថា FTI បច្ចុប្បន្នកំពុងពិភាក្សាជាមួយក្រសួងហិរញ្ញវត្ថុ ដើម្បីសម្របសម្រួលជាមួយធនាគារពាណិជ្ជ និងទីភ្នាក់ងាររដ្ឋ ដើម្បីពន្លឿនការដោះស្រាយបំណុលសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ដោយបានប្រឈមមុខនឹងបញ្ហាសាច់ប្រាក់ងាយស្រួលដោយសារផលប៉ះពាល់នៃជំងឺកូវីដ ដែលបណ្តាលឱ្យមានបំណុលហួសកាលកំណត់ទូទាត់សងលើសពី៩០ថ្ងៃ។
បំណុលសរុបរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) មានចំនួនជាង៦១ពាន់លានបាត (ប្រហែល១,៧៣ពាន់លានដុល្លារ) ដោយ៣៦ពាន់លានបាតជំពាក់ធនាគារពាណិជ្ជ និង២៥ពាន់លានបាតទៀតជំពាក់ស្ថាប័នហិរញ្ញវត្ថុរដ្ឋ។
បំណុលរបស់សហគ្រាសអាជីវកម្មថៃជាច្រើនអាចនឹងត្រូវបានចាត់ថ្នាក់ជាប្រាក់កម្ចីមិនដំណើរការ (NPLs) ហើយប្រសិនបើស្ថានភាពនេះមិនត្រូវបានដោះស្រាយ នោះសហគ្រាសថៃជាច្រើនប្រហែលជាត្រូវបិទទ្វារនៅចុងឆ្នាំនេះ ដែលការណ៍នេះអាចនឹងជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការងារ និងសេដ្ឋកិច្ចថៃទាំងមូល។
លោក Apichit បន្តថា “ខណៈពេលដែលរដ្ឋាភិបាលត្រូវតែពន្លឿនវិធានការបន្ធូរបន្ថយបំណុលសម្រាប់សហគ្រាសធុនតូច និងមធ្យម ការពន្យារពេលការទូទាត់ការប្រាក់តែមួយ ប្រហែលជាមិនអាចដោះស្រាយបញ្ហាបានទាំងស្រុងនោះទេ។ លោក Apichit បានសង្កត់ធ្ងន់ថា ផ្ទុយទៅវិញ ចាំបាច់ត្រូវកំណត់វិធានការដើម្បីធានាទាំងការសងប្រាក់ដើម និងអត្រាការប្រាក់វិញ ។
លោក Apichit បានបន្ថែមថា សហគ្រាសធុនតូច និងមធ្យមទាំងមូលបច្ចុប្បន្នកំពុងប្រឈមមុខនឹងការកើនឡើងនៃការចំណាយហិរញ្ញវត្ថុ ដោយសារតែការកើនឡើងនៃអត្រាការប្រាក់លើប្រាក់កម្ចី។
លើសពីនេះ អំណាចនៃការទិញក្នុងស្រុករបស់ប្រជាជនថៃបានថយចុះ គួបផ្សំនឹងការធ្លាក់ចុះនៃការនាំចេញ បាននាំឱ្យមានការខ្វះខាតសាច់ប្រាក់ងាយស្រួលសម្រាប់សហគ្រាសមួយចំនួន ដែលកត្តាទាំងនេះបានរួមចំណែកដល់ភាពតានតឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគេ៕