ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ចាប់ពីខែធ្នូឆ្នាំនេះ នឹងបន្ថែមជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជាចំនួន៤ ជើងក្នុងមួយសប្តាហ៍ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជា។ជាមួយគ្នានោះមានក្រុមហ៊ុនអាកាសចរណ៍ចិនមួយចំនួនទៀតក៏បានប្រកាសបង្កើនជើងហោះហើរជាមួយកម្ពុជាផងដែរ។
ខណៈពេលដែលពិធីបុណ្យចូលឆ្នាំចិន និង ការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនចិន-កម្ពុជាឆ្នាំ២០២៤ កំពុងខិតជិតមកដល់ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនរបស់ចិន បានប្រកាសពីការបន្ថែមជើងហោះហើររវាងប្រទេសចិន និង កម្ពុជាចាប់ពីខែធ្នូខាងមុខ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ជនជាតិចិន ភ្ញៀវទេសចរអន្តរជាតិ និង អ្នកវិនិយោគ ដែលទៅសួរសុខទុក្ខសាច់ញាតិ ការធ្វើដំណើរកម្សាន្ត និងការធ្វើទស្សនកិច្ចអាជីវកម្មរវាងប្រទេសទាំងពីរ ។
ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់ចំនួន៤ មកកាន់ប្រទេសកម្ពុជារៀងរាល់សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី០១ខែធ្នូខាងមុខនេះតទៅ។ ចាប់ពីខែធ្នូតទៅ ជើងហោះហើរក្វាងចូវ-ភ្នំពេញ របស់ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines ជើងហោះហើរ CZ6059 និង CZ323 នឹងដំណើរការមួយថ្ងៃម្តង។ បន្ថែមថ្មីនូវជើងហោះហើរក្វាងចូវ-ភ្នំពេញ CZ8313 នឹងដំណើរការមួយថ្ងៃម្តង រៀងរាល់ថ្ងៃចន្ទ ពុធ សុក្រ និង ថ្ងៃអាទិត្យ។
ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរឡាញ នឹងបើកដំណើរការជើងហោះហើរទៅមកពីភ្នំពេញទៅជីណាន ខេត្តសានទុង នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងនោះ ជើងហោះហើរពីជីណានមកភ្នំពេញ នឹងធ្វើដំណើរ នៅម៉ោង ១៥:០០ រៀងរាល់ថ្ងៃសៅរ៍ ហើយមកដល់ភ្នំពេញនៅម៉ោង ១៨:៥៥ ម៉ោងក្នុងស្រុក។ នៅឆ្នាំក្រោយ ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ ក៏នឹងមានគម្រោងបើកជើងហោះហើរថ្មីពីភ្នំពេញទៅ ហៃគូ ហៃណាន និង សាន់យ៉ាផងដែរ។






