តែម សុខុម
វ៉ាស៊ីនតោន: សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក សម្រេចបានកំណើនខ្ពស់ជាងការរំពឹងទុក ហើយនេះឆ្លុះបញ្ចាំងពីភាពធន់ទ្រាំគួរឱ្យកត់សម្គាល់នៃសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ ស្របពេលប្រឈមនឹងអតិផរណាហក់ឡើងខ្ពស់ នឹងការដំឡើងអត្រាការប្រាក់ខ្ពស់ក្នុងឆ្នាំនេះ។
យោងតាមការប៉ាន់ប្រមាណលើកទី២ របស់ក្រសួងពាណិជ្ជកម្មអាមេរិក កាលពីព្រឹកថ្ងៃពុធ ទី២៩ ខែវិច្ឆិកា បង្ហាញថា ផលទុនជាតិសរុប (GDP) របស់សហរដ្ឋអាមេរិក បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៥,២%ក្នុងត្រីមាសទី៣ ឆ្នាំនេះ។
កំណើននេះសម្រេចបានខ្ពស់ជាងការរំពឹងទុក បើធៀបនឹងអត្រាកំណើន៤,៩%ដែលក្រសួងពាណិជ្ជកម្មបានប៉ាន់ប្រមាណមុននេះ។ នេះឆ្លុះបញ្ចាំងពីកំណើននៃការវិនិយោគក្នុងអាជីវកម្ម ការចំណាយរបស់រដ្ឋាភិបាល ការវិនិយោគលើលំនៅឋាន និងកំណើនសន្និធិ។






