ដោយៈ គង់ សូរិយា
ភ្នំពេញៈ គំរោងទីក្រុងទំនើប និងជាមជ្ឈមណ្ឌលនៃការកំសាន្តលំដាប់អន្តរជាតិBay Of Lightនៅក្រុងព្រះសីហនុ បានបើកដំណើរការផ្លូវនៅក្នុងគំរោងរបស់ខ្លួន។
គំរោងវិនិយោគដ៏ធំ ដែលលាតសន្ឋឹងទំហំប្រមាណ៩០០ហិកតា នៅតំបន់រាម នៃខេត្តព្រះសីហនុនេះ បាននិងកំពុងក្លាយជាសក្តានុពលលើកកំពស់សេដ្ឋកិច្ច និងទាក់ទាញការវិនិយោគមកកាន់ខេត្តនេះកាន់តែច្រើននាពេលអនាគត។ជាមួយនឹងវឌ្ឍនភាពនៃដំណើរការអភិវឌ្ឍន៍The Bay Of Light លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធផ្លូវមេរបស់គម្រោង Bay of Light ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុកាលពីម្សិលម៉ិញនេះ។
លោកបានថ្លែងនូវការកោតសរសើរ និងចូលរួមអបអរសាទរដោយស្មោះចំពោះ ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ នាពេលនេះ ដែលជាសក្ខីភាពបង្ហាញឱ្យឃើញ ពីការជឿជាក់របស់អ្នកវិនិយោគទុន មកលើរាជរដ្ឋាភិបាលកម្ពុជា។ លោកបន្តថា ផ្លូវមេរបស់គម្រោង Bay of Light បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកម្ពស់វិស័យទេសចរណ៍ នៅក្នុងខេត្តឱ្យកាន់តែ មានភាពទាក់ទាញ់ និងរីកចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្ដល់ការងារជាច្រើនជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។
លោកគង់ វិតាណៈបានបញ្ជាក់ថា “ផ្លូវដ៏សំខាន់នេះ នឹងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជាក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្ររបស់ ប្រជាពលរដ្ឋស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីកំណើនការងារ សមធម៌ ប្រសិសទ្ធភាព និងចីរភាព កសាងមូលដ្ឋានគ្រឹះឆ្ពោះ ទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០”។
លោកអភិបាលរងខេត្តបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន កន្លងទៅ កម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅក្នុងតំបន់ ដែលបានបើកប្រទេសពេញលេញ លើគ្រប់វិស័យប្រកបដោយសុវត្ថិភាព ដោយផ្តល់នូវភាពអំណោយផលដល់ការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ឱ្យងើបឡើងវិញនៅក្នុងល្បឿនលឿនគួរឱ្យកត់សម្គាល់។
រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តនូវវីរភាពគំរូ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីឈានទៅសម្រេចបាន នូវចក្ខុវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជា រយៈការប្រែក្លាយកម្ពុជាជាគោលដៅ ទេសចរណ៍សកលឈានមុខ ប្រកបដោយភាពសម្បូរបែបពោរពេញ ដោយកាលានុវត្តភាព និងភាពកក់ក្តៅ។
លោកបន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាល បានធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពិសេសលើ ផ្នែកហេដ្ឋារចនាសម្ព័ន្ធ អគារខ្ពស់ៗ សណ្ឋាគារ និងតំបន់ពាណិជ្ជកម្មជាច្រើន។ តំបន់សេដ្ឋកិច្ចពិសេស កំពង់ផែសមុទ្រទឹកជ្រៅ អាកាសយានដ្ឋាន អន្តរជាតិ ផ្លូវល្បឿនលឿន រមណីយដ្ឋានធម្មជាតិ ជីវៈចម្រុះដ៏សម្បូរបែប ព្រមទាំងឆ្នេរសមុទ្រ កោះដ៏ស្រស់ស្អាត ត្រូវបានប្រសិទ្ធនាមជា “តារារៈ នាទិសនិរតី” បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើន សេដ្ឋកិច្ច និងវិស័យទេសចរណ៍ នៅក្នុងខេត្តបានទាក់ទាញភ្ញៀវទេសចរមក កម្សាន្តសប្បាយយ៉ាងច្រើនកុះករ៕