ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមក្រុមមន្ត្រីបានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា គម្រោងស្ថានីយ៍ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលវិនិយោគដោយក្រុមហ៊ុនចិន ដែលមានអានុភាពសរុបចំនួន១៥០មេហ្គាវ៉ាត់ (MWs) សម្រេចបានការសាងសង់៣១,៥ភាគរយ គិតមកទល់ពេលនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទស្ទឹង សាងសង់ស្ថានីយ៍ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលស្ថិតក្នុងស្រុកថ្មបែង ខេត្តកោះកុង ដោយមានអ្នកចូលរួមជាង១ពាន់នាក់។
ថ្លែងក្នុងពិធីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា គម្រោងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation (CHMC) គឺជាកិច្ចសន្យាសម្បទាននៃការសាងសង់-ដំណើរការ-ផ្ទេរ (BOT) រយៈពេល៣៩ឆ្នាំ ដែលក្នុងនោះ ៤ឆ្នាំសម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ប្រតិបត្តិការ។
លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ការសាងសង់ស្ថានីយ៍ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនៅកម្ពុជា បានចាប់ផ្តើមតាំងពីខែធ្នូ ឆ្នាំ២០២២ ហើយមកដល់បច្ចុប្បន្ន សម្រេចបានការសាងសង់៣១,៥ ភាគរយនៃគម្រោងទាំងមូល។






