ដោយ: គង់ លាងហួរ
ភ្នំពេញ: សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Sutin Klungsang សម្រាប់កិច្ចពិភាក្សាស្តីពី ពាណិជ្ជកម្មតាមព្រំដែន និងការដោះមីន នៅតាមព្រំដែនកាលពីថ្ងៃសៅរ៍ ទី២ ខែវិច្ឆិកា។
ចំណែក បញ្ហាផ្សេងទៀតដែលត្រូវបានលើកមកពិភាក្សា គឺការវិនិយោគ និងទេសចរណ៍រវាងប្រទេសជិតខាងទាំងពីរ។
យោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការ បន្ទាប់ពីកិច្ចប្រជុំបានឱ្យដឹងថា រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្តេជ្ញាចិត្តក្នុងការជំរុញសន្តិភាពនៅតាមតំបន់ព្រំដែន តាមរយៈការខិតខំប្រឹងប្រែងរួមគ្នាដើម្បីលុបបំបាត់មីនសកម្មទាំងអស់នៅតាមព្រំដែន។លោក Sutin បានមានប្រសាសន៍ថា បេសកកម្មលុបបំបាត់មីននៅតាមព្រំដែន នឹងត្រូវបានជំរុញដោយកិច្ចប្រជុំ នៃគណៈកម្មាធិការព្រំដែនទូទៅនៅកម្ពុជាក្នុងខែមីនា ឆ្នាំក្រោយ រួមជាមួយនឹងកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនតំបន់ និង គណៈកម្មាធិការកម្រិតខ្ពស់។
ជាមួយគ្នានេះ ក្រសួងការពារជាតិនៃប្រទេសទាំងពីរ ក៏បានឯកភាពគ្នាក្នុងការសហការ លើការលើកកម្ពស់ការច្នៃប្រឌិត ផ្នែកយោធាផងដែរ។ដំណើរទស្សនកិច្ចរបស់លោក Sutin មកកម្ពុជាជាដំណើរទស្សនកិច្ចអន្តរជាតិ លើកដំបូងរបស់លោក ចាប់តាំងពីឡើងកាន់តួនាទីជារដ្ឋមន្ត្រីការពារជាតិ ដែលបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែងរវាងប្រទេសជិតខាងទាំងពីរ។
លើសពីនេះ លោក Sutin Klungsang ក៏បានជួបពិភាក្សាជាមួយលោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានថ្លែងអំណរគុណចំពោះប្រទេសថៃ ដែលបានខិតខំប្រឹងប្រែង ក្នុងការមើលថែពលករចំណាកស្រុករបស់កម្ពុជា ដោយលោកបានគូសបញ្ជាក់ថា ប្រទេសជិតខាងទាំងពីរគឺប្រៀបដូចជាបងប្អូន៕The Nation៕