ដោយ: គង់ លាងហួរ
រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត គ្រោងបោះទុនវិនិយោគ១០០លានដុល្លារ ដើម្បីបម្រើដល់អ្នកដំណើរចំនួន៣៥៦លាននាក់ ក្នុងគោលដៅជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកទេសចរណ៍ និងយុទ្ធសាស្រ្តអាកាសចរណ៍របស់ខ្លួន ស្របតាមចក្ខុវិស័យឆ្នាំ២០៣០។
លោក Abdulaziz Al-Duailej អាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅ បានគូសបញ្ជាក់ឱ្យដឹងបែបនេះ នៅក្នុងសន្និសិទអន្តរជាតិលើកទី១៥ ស្តីពីការចរចាសេវាកម្មផ្លូវអាកាស ដែលរៀបចំឡើងដោយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិនៅទីក្រុងរីយ៉ាដកាលពីថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា។លោកបានមាន ប្រសាសន៍ថា “យើងមានគោលបំណងក្នុងការអភិវឌ្ឍ និងធ្វើឱ្យប្រសើរឡើងនូវរាល់គ្រប់វិស័យអាកាសចរណ៍រួមមានក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីតសេវាឡូជីស្ទីកសេវាដឹកជញ្ជូនទំនិញ និង សេវាគាំទ្រផ្សេងៗទៀត”។
ការចាក់បញ្ចូលហិរញ្ញវត្ថុនេះគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អារ៉ាប៊ីសាអូឌីតក្នុងការក្លាយជាតួអង្គប្រកួតប្រជែងដ៏លេចធ្លោមួយនៅក្នុងសង្វៀនអាកាសចរណ៍ពិភពលោក។លោក Al-Duailej បានបង្ហាញពីគោលបំណងជាយុទ្ធសាស្ត្រថា “យើងកំពុងកសាងបណ្តាញអាកាសចរណ៍រួមបញ្ចូលគ្នាជាមួយទីក្រុងរីយ៉ាដ និងទីក្រុង Jeddah ជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងមជ្ឈមណ្ឌលកណ្តាល”។
ជាមួយគ្នានេះ លោក Al-Duailej បានគូសបញ្ជាក់ពីផែនការបង្កើតការតភ្ជាប់ជើងហោះហើរអន្តរជាតិ ជាមួយ នឹងគោលដៅទេសចរណ៍ចំនួន២៥០គោលដៅនៅត្រឹមឆ្នាំ២០៣០ខាងមុខ។
លោក Saleh Al-Jasser រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងសេវាកម្មដឹកជញ្ជូនអារ៉ាប៊ីសាអូឌីត ក៏បានសង្កត់ធ្ងន់លើផលប្រយោជន៍នៃយុទ្ធសាស្ត្រអាកាសចរណ៍ស៊ីវិល ដែលត្រូវបានរចនាឡើងមិនត្រឹមតែ ដើម្បីបង្កើនការដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីជំរុញទំនាក់ទំនង សម្រួលពាណិជ្ជកម្ម និងការបើកទ្វារសម្រាប់វិស័យទេសចរណ៍អារ៉ាប់ផងដែរ៕