ដោយ: គង់ លាងហួរ
បាងកក: ទីភ្នាក់ងារសម្រាប់កិច្ចការអចលនទ្រព្យ (Area) បានព្យាករថា ជនបរទេសនឹងទិញអចលនទ្រព្យលំនៅដ្ឋានចំនួន២៧.៧៤១យូនីត នៅក្នុងប្រទេសថៃក្នុងឆ្នាំនេះ ដែលមានតម្លៃសរុប១៦១,៥៦ពាន់លានបាត(ប្រហែល៤,៤៤ពាន់លានដុល្លារ)។
លោក Sopon Pornchokchai ប្រធានទីភ្នាក់ងារសម្រាប់កិច្ចការអចលនទ្រព្យ បានមានប្រសាសន៍ឱ្យដឹងថា នៅទីក្រុងបាងកក អ្នកទិញបរទេសគ្របដណ្តប់១៨,៨% នៃការផ្ទេរកម្មសិទិ្ធអចលនទ្រព្យថ្មីនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ពោលគឺកើនឡើងពី១១,១% កាលពីឆ្នាំមុន។
មុនពេលផ្ទុះវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ២០១៩ អ្នកទិញបរទេសបានគ្របដណ្តប់១៥% នៃតម្លៃអចលនទ្រព្យលំនៅដ្ឋានសរុប ដែលត្រូវបានទិញនៅទីក្រុងបាងកក និងជាយក្រុងបាងកក។
នៅឆ្នាំនេះ ទីភ្នាក់ងារខាងលើបានព្យាករថា ជនបរទេសនឹងទិញលំនៅដ្ឋានចំនួន៤.២០៣យូនីតនៅក្នុងទីក្រុងបាងកក ដែលមានតម្លៃសរុប២០,៣៦ពាន់លានបាត។
អតិថិជនជាជនជាតិចិនត្រូវបានគេរំពឹងថានឹងនាំមុខគេ ជាមួយនឹងការទិញលំនៅដ្ឋាននៅប្រទេសថៃចំនួន១.៩៣៧យូនីត ដែលស្មើនឹងទំហំទឹកប្រាក់៧,២៤ពាន់លានបាត។
លោក Sopon បានបន្ថែមថា តំបន់ដែលពេញនិយមបំផុតសម្រាប់អ្នកទិញជាជនជាតិចិន គឺតំបន់ Ratchada-Huay Kwang ដែលមាន៧៣១យូនីត បន្ទាប់មកគឺតំបន់Bang Na-Thepharak ដែលមាន៦២៥យូនីត និងសង្កាត់ពាណិជ្ជកម្មកណ្តាលមាន២២៣យូនីត។
ទោះជាយ៉ាងណាក្តី ការកើនឡើងនៃអ្នកទិញបរទេសប្រហែលជាមិនអាចជំរុញសេដ្ឋកិច្ចថៃខ្លាំងក្លានោះទេ ដោយសារអចលនទ្រព្យជាច្រើនអាចត្រូវបានជួលបន្តទៅឱ្យអ្នកស្រុក។
លោក Sopon បានអះអាងថាបន្ថែមពីលើនេះ ប្រសិនបើអចលនទ្រព្យទាំងនេះត្រូវបានគេជួលបន្តនោះ ប្រាក់ចំណូល ដែលរកបានប្រហែលជាមិនអាចវិលទៅក្នុងចរន្តសេដ្ឋកិច្ចថៃវិញនោះទេ៕