ភាពជាដៃគូត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងនឹងមាននិរន្តរភាព ដោយឈរលើផលប្រយោជន៍រួម

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសជប៉ុន លោក Rahm Emanuel បានសម្តែងទំនុកចិត្តថា ភាពជាដៃគូត្រីភាគីរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង នឹងមាននិរន្តរភាព ដោយសារតែផលប្រយោជន៍រួម រវាងប្រទេសទាំង៣។

លោក Emanuel បានថ្លែងប្រាប់កាសែត Kyodo News និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតនៅទីក្រុងតូក្យូថា ផ្ទុយទៅវិញ ប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី មិនអាចបង្កើតទំនាក់ទំនងស្រដៀងគ្នានេះបានទេ ដោយសារ ពួកគេ មិនមានផលប្រយោជន៍ រួមជា យុទ្ធសាស្ត្រ ក្នុង របៀបសហការដូចអ្វីដែល យើង បានធ្វើ។

លោកឯកអគ្គរដ្ឋទូតក៏បានសម្តែងការព្រួយបារម្ភផងដែរថា លទ្ធផលនៃការប្រកួតប្រជែងតំណែងប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា ឆ្នាំក្រោយ និងការបោះឆ្នោតនៅជប៉ុន និងកូរ៉េខាងត្បូងនឹងប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការត្រីភាគី ដោយលោកបញ្ជាក់ថា ផលប្រយោជន៍រួមគឺមានឥទ្ធិពលខ្លាំងណាស់។ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិកអាចក្លាយជាការប្រកួតឡើងវិញរបស់គណបក្សប្រជាធិបតេយ្យ ដឹកនាំដោយលោក ចូ បៃដិន និងលោកអតីតប្រធានាធិបតី Donald Trump មកពីបក្សសាធារណៈរដ្ឋ ដែលបន្តប្រកាន់យកគោលនយោបាយឯកតោភាគីនិយម “America First”របស់លោក។

ជាមួយគ្នានេះ ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងរៀបចំការបោះឆ្នោតសកលនៅខែមេសា ឆ្នាំ២០២៤ខាងមុខ  ខណៈប្រទេសជប៉ុនក៏អាចមានការបោះឆ្នោតសកលនៅដើមឆ្នាំក្រោយផងដែរ។

ស្របពេលដែលទំនាក់ទំនងត្រីភាគីត្រូវបានគ្របដណ្ដប់ដោយស្រមោលនៃបញ្ហាប្រវត្តិសាស្ត្ររវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូង លោក Emmanuel បានកោតសរសើរចំពោះវឌ្ឍនភាព ដែលបានសម្រេចឡើងដោយប្រទេសជិតខាងទាំងពីរតាមរយៈការសន្ទនាគ្នាដោយផ្ទាល់។

ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូលបានមានភាពប្រសើរឡើង ក្រោមការគ្រប់គ្រងបែបអភិរក្សនិយម ដែលដឹកនាំដោយលោកប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលបានចូលកាន់តំណែងក្នុងខែឧសភា ឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here