ដោយ: គង់ លាងហួរ
ភ្នំពេញ: ស្របពេលដែលតម្រូវការសេវាធនាគារ មានការកើនឡើង ធនាគារ Chief Bank បានបើកសាខានៅអ៊ីអនមានជ័យក្នុងខែមីនា ឆ្នាំ២០២៣នេះ ដោយផ្តល់សេវាកម្មរយៈពេល៧ថ្ងៃ ក្នុងមួយសប្តាហ៍។
ទន្ទឹមគ្នានេះ លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រត្តិបត្តិនៃធនាគារ Chief Bank លើកឡើងក្នុងពិធីប្រារពខួប១០ឆ្នាំរបស់ធនាគារនេះកាលពីចុងសប្តាហ៍មុនថា ទីស្នាក់ការកណ្តាល (HQ) របស់ធនាគារChief Bank នឹងត្រូវផ្លាស់ប្តូរនៅឆ្នាំក្រោយ ទៅកាន់ អគារChief Tower ដែលមានទីតាំងជាយុទ្ធសាស្រ្ត ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ៩៣ សង្កាត់បឹងកេងកងទី១ រាជធានីភ្នំពេញ។លោកបណ្ឌិតបានបន្តថា យើងគ្រោងពិចារណាលើការបើកសាខាថ្មី នៅក្នុងរាជធានីភ្នំពេញបន្ថែមទៀត និងបណ្តាខេត្តផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យសេវាកម្មធនាគារ លំដាប់ពិភពលោករបស់យើង កាន់តែខិតទៅជិតអតិថិជន នៅទូទាំងប្រទេសកម្ពុជា។ ក្រៅពីនោះ យើងក៏កំពុងធ្វើការសិក្សាលទ្ធភាព នៃការពង្រីក សាខានៅតាមខេត្តធំៗផ្សេងទៀតដូចជា ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុផងដែរ។
ពិធីប្រារពខួប១០ឆ្នាំ នៃការបង្កើតធនាគារ Chief Bank កាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា និងលោកYe Haiya(Michael) តំណាងដ៏ខ្ពង់ខ្ពស់របស់ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារឈីហ្វ។
ប្រទេសកម្ពុជាបានធ្វើសេរីភាវូបនីយកម្ម សេដ្ឋកិច្ចរបស់ខ្លួនបន្តិចម្តងៗ និងបានបើកទ្វារយ៉ាងទូលំទូលាយ ទៅកាន់ពិភពលោកទាំងមូល ចាប់តាំងពីក្រោយការបោះឆ្នោតលើកដំបូង ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិក្នុងឆ្នាំ១៩៩៣។សកម្មភាពវិនិយោគផ្ទាល់ពីបរទេសលើគ្រប់វិស័យ រួមទាំងវិស័យហិរញ្ញវត្ថុបានកើនឡើងយ៉ាងខ្លាំង ដែលនៅតែបន្តពង្រីកឥតឈប់ឈរ។ ជាលទ្ធផល កម្ពុជាទទួលបានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរយៈពេលដ៏វែងបំផុតក្នុងប្រវត្តិសាស្ត្រ ដោយសារស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច រួមជាមួយនឹងសន្តិភាពពេញលេញ ដែលប្រទេសកម្ពុជាទទួលបានចាប់តាំងពីចុងឆ្នាំ ១៩៩៨។
កម្ពុជាបានកត់ត្រាអត្រាកំណើនសេដ្ឋកិច្ច ជាមធ្យម៧,៧ភាគរយក្នុងមួយឆ្នាំ សម្រាប់រយៈពេលពីរទសវត្សរ៍កន្លងមក ដែលការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង នឹងការកាត់បន្ថយភាពក្រីក្រដោយជោគជ័យ ដែលបន្តធ្លាក់ចុះពី១០០% ក្នុងឆ្នាំ១៩៧៩ មកនៅត្រឹម១៣,៥% នៅក្នុងឆ្នាំ២០១៤ និងកាន់តែទាបជាងមុន នាពេលសព្វថ្ងៃនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺ វិសមភាពបានរួមតូចសម្រាប់ប្រទេសកម្ពុជា ខណៈពេលដែលវិសមភាពសកល ជាពិសេសនៅក្នុងប្រទេសអ្នកមានមួយចំនួនកំពុងរីកធំ។
ទាក់ទងនឹងវិស័យធនាគារ ដោយមើលឃើញពីតម្រូវការវិនិយោគក្នុងស្រុកដ៏ខ្ពស់ វិស័យនេះ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត ដូចជាមីក្រូហិរញ្ញវត្ថុ បានទទួលផលចំណេញ ទាក់ទាញការចូលថ្មី និងនាំទៅដល់ការលូតលាស់យ៉ាងឆាប់រហ័សនៃវិស័យនេះ ដែលត្រូវបានឆ្លុះបញ្ចាំងតាមរយៈការកើនឡើង យ៉ាងខ្លាំងនៃទ្រព្យសកម្ម ឥណទាន ប្រាក់បញ្ញើ តម្រូវការកម្ចីធនាគារ និងសេវាកម្មធនាគារផ្សេងទៀត។
លោកបណ្ឌិតសឿង ម៉ូរ៉ារិទ្ឋបានបន្តថា ភាពជោគជ័យនៅក្នុងវិស័យធនាគារបណ្តាល មកពីការកែលម្អយ៉ាងសំខាន់ នៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងធនាគាររបស់ប្រទេសកម្ពុជា ដែលបានបន្តអភិវឌ្ឍ និងកែលម្អជាលំដាប់ ដែលកត្តានេះបានជួយបង្កើនទំនុកចិត្ត របស់អ្នកវិនិយោគ និងទំនុកចិត្តសាធារណៈកាន់តែខ្លាំងឡើង នៅក្នុងវិស័យធនាគារ និងផ្នែកពាក់ព័ន្ធ ដែលជំរុញឱ្យមានតម្រូវការខ្ពស់សម្រាប់សេវាហិរញ្ញវត្ថុ និងធនាគារ និងសេវាកម្មពាក់ព័ន្ធផ្សេងទៀត៕