តើក្រុមអ្នកជំនាញអចលនទ្រព្យមានសុទិដ្ឋិនិយមបែបណា សម្រាប់ឆ្នាំ២០២៤ ស្របពេលមានសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ច?

0

ដោយៈ ជេស៊ីកា

ភ្នំពេញៈ ក្រុមអ្នកជំនាញនិងជាថ្នាក់ដឹកនាំ នៃសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) ​បានសម្តែងសុទិដ្ឋិនិយម និងមើលឃើញសញ្ញានៃក្តីសង្ឃឹម សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា។

លោកសេង សុភ័ក្រ អនុប្រធានប្រតិបត្តិCVEAបានមានប្រសា​សន៍ ក្នុងពិធីបើកសន្និបាតការងារសមាគម និងបានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១១ ធ្នូកន្លងមកថា នៅឆ្នាំ២០២៤ នឹងមានចំណុចវិជ្ជមានច្រើន ព្រោះឆ្នាំ២០២៣ ជាឆ្នាំដ៏លំបាករួចហើយ។ លោកបញ្ជាក់ថា “វាជាពេលម្ចាស់អចលនទ្រព្យ ដែលត្រូវត្រលប់មកវិញ យើងសង្ឃឹមនឹងមានការទិញ ដោះដូរច្រើនជាងមុន ប៉ុន្តែតម្លៃមិនកើនឡើងទេ”។បើតាមលោកសេង សុភ័ក្របានឲ្យដឹងថា រដ្ឋាភិបាលកំពុងធ្វើគោលនយោបាយ ដើម្បីជួយជម្រុញវិស័យនេះផងដែរ ដើម្បីជម្រុញការវិនិយោគក្នុងស្រុក និងទាក់ទាញការវិនិយោគពីបរទេស។

រដ្ឋាភិបាលបានបង្ហាញការព្យាករណ៍ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងហក់ឡើងដល់កម្រិត៦,១ភាគរយ នៅឆ្នាំ២០២៤ខាងមុខ ខណៈ​វិស័យដែលជាកំលាំងចលករជម្រុញកំណើន បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមាន។ជាមួយគ្នានេះ លោកស្រីតាំង ហួរអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឲ្យដឹងផងដែរថា ស្ថានភាពទីផ្សារបាននិងកំពុងផ្តល់ក្តីសង្ឃឹម ខណៈធនាគារនានានឹងចាប់ផ្តើមបញ្ចេញឥណទាន នៅឆ្នាំ២០២៤ខាងមុខនេះ ស្របពេល​ឆ្នាំ២០២៣កន្លងមក ធនាគារភាគច្រើនបានបិទឥណទានសម្រាប់វិស័យនេះ។ លោកស្រីបន្តថា “ទីផ្សារនឹងមានការដោះដូរច្រើន តម្លៃដីធ្លីនឹងកើនឡើងនៅតំបន់មួយចំនួន ពិសេសតំបន់ជាយក្រុងភ្នំពេញ”។ចំណែកលោកឧកញ៉ាចេង ខេង ប្រធានក្រុមហ៊ុនCPL បានមានប្រសាសន៍ឲ្យដឹងផងដែរថា ពេលនេះល្អសម្រាប់អ្នកទិញ អ្នកវិនិយោ​គសាំនឹងសង្រ្គាម ពួកគេសាំនឹងជម្ងឺកូវីដហើយ ហេតុនេះពួកគាត់នឹងចាប់ផ្តើមវិនិយោគឡើងវីញ។ លោកបន្តថា “វាជាសញ្ញាល្អសម្រាប់ស្វាគមន៍ឆ្នាំថ្មី គឺចាប់ផ្តើមល្អ។ ពេលសម្រេចចិត្តទិញត្រូវ រើសបានល្អ និងទិញនឹងចំណេញ មិនចាំបាច់ទុកយូរទេ”។អ្នកជំនាញម្នាក់ទៀត គឺលោកវ៉ា វីរៈ អនុប្រធានសមាគមដដែលបានមានប្រសាសន៍ថា នៅឆ្នាំ២០២៤ អ្នកធ្វើដំណើរទេសចរណ៍នៅលើពិភពលោក នឹងកើនឡើងលើសមុនវិបត្តិកូវីដ១៩ នេះបើយោងតាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក។ លោកបន្តថា “អ្វីសំខាន់ដែលអ្នកទិញត្រូវចាំ គឺទិញអចលនទ្រព្យបានទទួលផលចំណេញ គឺទិញក្នុងតម្លៃល្អ បើទិញក្នុងតម្លៃខ្ពស់ គឺគាំង៥ឆ្នាំ ឬមានបញ្ហាគាំងលំហូរសាច់ប្រាក់តែម្តង”។ លោកបន្តថា “ទីតាំងឬLocation ជាចំណុចសំខាន់បំផុត  ហើយត្រូវចាំថាការវិនិ​យោ​គអចលនទ្រព្យ គឺត្រូវការរយៈពេលវែង”។

ចំណែកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀប បានមានប្រសាសន៍ដោយប្រុងប្រយ័ត្ន និងបានលើកឡើងនូវទលឡ្ហីករណ៍មួយចំនួន មុននិយាយពីទីផ្សារនេះ។លោកបានបញ្ជាក់ថា លោកបានទៅទស្សនាប្រទេសថៃ និងបានឃើញភ្ញៀវទេសចរណ៍កើនឡើងច្រើន នៅព្រលានយន្តហោះសុវណនញភូមិប្រទេសថៃ ដែលធ្វើឲ្យលោកអាចសន្និដ្ឋានថា វិស័យទេ​ស​ចរណ៍កម្ពុជា នឹងកើនឡើងខ្ពស់ផងដែរនៅឆ្នាំ២០២៤។ លោកបន្តថា “អ្នកវិនិយោគហុងកុងដ៏ធំមួយរូប បានប្រាប់ខ្ញុំថា អាស៊ីប៉ាស៊ីហ្វិកនឹងរះឡើង ពិសេសតំបន់អាស៊ីអាគ្មេយ៍”៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here