តើតម្លៃផ្ទះប្រណីតៗនៅទីក្រុងហុងកុង និងសិង្ហបុរី នឹងប្រែប្រួលបែបណានៅឆ្នាំ២០២៤?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ស្ថានភាពដ៏អាក្រក់បំផុតទំនងជាត្រូវបានបញ្ចប់សម្រាប់ទីផ្សារអចលនទ្រព្យប្រណីតនៅទូទាំងពិភពលោក ដោយតម្លៃផ្ទះប្រណីតនឹងកើនឡើងច្រើនជាងការរំពឹងទុកពីមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Knight Frank ។

ទោះជាយ៉ាងនេះក្តី ទីផ្សារអចលនទ្រព្យប្រណីតនៅក្នុងប្រទេសសិង្ហបុរី និងទីក្រុងហុងកុង ទំនងជាប្រែប្រួល ក្នុងទិសដៅផ្ទុយគ្នា ដោយសារតែមជ្ឈមណ្ឌលដ៏ធំទាំង២នៅតំបន់អាសុីបានដាក់ចេញនូវគោលនយោបាយអចលនទ្រព្យខុសគ្នា។

តម្លៃផ្ទះប្រណីតៗនៅទីក្រុងហុងកុងនឹងកើនឡើង០,៥ភាគរយនៅឆ្នាំក្រោយ បន្ទាប់ពីទីក្រុងមួយនេះ បានបន្ធូរបន្ថយវិធានការទប់ស្កាត់អចលនទ្រព្យ ដែលមានអាយុកាល១ទសវត្សរ៍របស់ខ្លួន។ នេះបើយោងតាមការព្យាករណ៍របស់ទីភ្នាក់ងារKnight Frank។

ក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ Knight Frank បានព្យាករណ៍ថា តម្លៃផ្ទះប្រណីតៗនៅក្នុងប្រទេសសិង្ហបុរីអាចនឹងធ្លាក់ចុះ០,៥ភាគរយនៅឆ្នាំ២០២៤ខាងមុខ។

ផ្ទុយទៅវិញ នៅឆ្នាំ២០២៣នេះ តម្លៃផ្ទះប្រណីតៗនៅក្នុងទីក្រុងហុងកុងបានធ្លាក់ចុះប្រហែល២ភាគរយនៅឆ្នាំនេះ ខណៈដែលតម្លៃផ្ទះប្រណីតៗនៅប្រទេសសិង្ហបុរីបានកើនឡើងប្រហែល៥ភាគរយ។

លោកស្រី Kate Everett-Allen ប្រធានផ្នែកស្រាវជ្រាវលំនៅដ្ឋានអន្តរជាតិនៅក្រុមហ៊ុន Knight Frank បានលើកឡើងថា “សិង្ហបុរីបានដំឡើងពន្ធប្រថាប់ត្រាលើជនបរទេស ខណៈទីក្រុងហុងកុងបានចាត់វិធានការគោលនយោបាយផ្ទុយពីនេះ” ។

ជាក់ស្តែង កាលពីខែតុលាកន្លងទៅ នាយកប្រតិបត្តិរបស់ទីក្រុងហុងកុង លោក John Lee បានប្រកាសបន្ធូរបន្ថយការរឹតបន្តឹងលើទីផ្សារអចលនទ្រព្យ ដូចជា ការបញ្ចុះពន្ធប្រថាប់ត្រាពាក់កណ្តាលមកនៅត្រឹម៧,៥ភាគរយសម្រាប់ជនដែលរស់នៅមិនមែនជាអចិន្រ្តៃយ៍ និងជនដែលទិញផ្ទះទី២ ឬទិញផ្ទះបន្ថែម។

លើសពីនេះ ពន្ធប្រថាប់ត្រាពិសេសចំនួន១០ភាគរយក៏ត្រូវបានលើកលែងសម្រាប់ម្ចាស់ផ្ទះនៅទីក្រុងហុងកុង ដែលលក់អចលនទ្រព្យរបស់ពួកគេចេញទៅវិញ បន្ទាប់ពីកាន់កាប់បានរយៈពេល២ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here