ដំណឹងល្អ! រាជរដ្ឋាភិបាលបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើង ចំនួន២

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមអនុក្រឹត្យលេខ១៧៨សសរ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការសិក្សាគម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។

យោងតាមប្រការ១ សមាសភាពគណៈកម្មការអន្តរក្រសួងខាងលើ រួមមានដូចជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើជាប្រធាន លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាអនុប្រធានអចិន្ត្ត្រៃយ៍។

សមាសភាពអនុប្រធានគណៈកម្មការអន្តរក្រសួង រួមមាន លោករស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  និងលោកលឹម ពុទ្ធិជាតិ អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី។

ចំណែក សមាជិក-សមាជិកានៃគណៈកម្មការអន្តរក្រសួង រួមមាន លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក គង់ វិមានអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកស្រីកុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

យោងតាមប្រការ២ គណៈកម្មការអន្តរក្រសួងនេះមានភារកិច្ចដូចជា ពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងទម្រង់នៃការវិនិយោគលើគម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។

ជាមួយគ្នានេះ គណៈកម្មការអន្តរក្រសួងនេះមានភារកិច្ចជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាលនេះ ឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍវិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ ទីក្រុង និង កាត់បន្ថយចរាចរណ៍ ដែលកំពុងតែមមាញឹកខ្លាំងនៅក្នុងទីក្រុង ភ្នំពេញ និងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល។

យោងតាមប្រការ៣ គណៈកម្មការអន្តរក្រសួងនេះ អាចបង្កើតអនុគណៈកម្មការមួយចំនួនតាមការចាំបាច់។
យោងតាមប្រការ៤ អនុប្រធាន និងសមាជិកនៃគណៈកម្មការអន្តរក្រសួងនេះ ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធានគណៈកម្មការ អន្តរក្រសួង។ ករណីប្រធានអវត្តមាន ត្រូវប្រគល់ជូនអនុប្រធាន១រូប ដឹកនាំប្រជុំជំនួស។ លើសពីនេះ ប្រធានគណៈកម្មការអន្តរក្រសួងមាន សិទ្ធិអញ្ជើញតំណាងពីក្រសួង-ស្ថាប័ននានា ឱ្យចូលរួមដើម្បីពិនិត្យ និងផ្តល់យោបល់ តាមការចាំបាច់។ គណៈកម្មការអន្តរក្រសួងនេះ មានទីតាំងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានសិទ្ធិប្រើប្រាស់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

យោងតាមប្រការ៥ បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
យោងតាមប្រការ៦ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here