ដោយៈ គង់ សូរិយា
បាត់ដំបងៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោកសុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារ ត្រៀមរៀបចំពិពរណ៍ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ នាពេលខាងមុខនេះ។
កិច្ចប្រជុំដែលបានប្រារពធ្វើកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានលើកឡើងពីការត្រៀមរៀបចំពិពរណ៍ម្ហូបអាហារ និងកម្មវិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤ នាពេលខាងមុខនេះ នៅឯសាលប្រជុំអគារE សាលាខេត្តបាត់ដំបង ។លោកសុខ លូ បានមានប្រសាសន៍លើកឡើងថា ពិធីបុណ្យម្ហូបអាហារប្រពៃណីនេះ គឺត្រូវធ្វើយ៉ាងណារៀបចំឲ្យបានល្អ ព្រោះវាជាចំណុចទាក់ទាញមួយ ដែលអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិឲ្យចូលមកទស្សនា បានភ្លក់នូវរសជាតិរបស់ម្ហូបអាហារ ក្រោមស្នាដៃរបស់អ្នកខេត្តបាត់ដំបង ព្រមទាំងផ្ដល់ឱកាសដល់អាជីវករលក់នូវម្ហូបអាហារប្រចាំខ្លួន ដល់ភ្ញៀវជាតិ និងអន្តរជាតិបានស្គាល់ កាន់តែទូលំទូលាយបន្ថែមទៀត។
លោកបន្តមានប្រសាសន៍ថា ចំពោះការរៀបចំស្តង់ម្ហូបអាហារនេះ គឺត្រូវរៀបចំចាប់ចេញពីមុខសាលា ខេត្តបាត់ដំបង ឆ្ពោះទៅកាន់វិមានឯករាជ្យ ហើយការរៀបចំនេះ ធ្វើយ៉ាងណាឲ្យមានលក្ខណៈ ស្រស់ស្អាត មានរបៀបរៀបរយ ដើម្បីងាយស្រួលឱ្យភ្ញៀវទេសចរណ ងាយស្រួលក្នុងការដើរទស្សនា និងជាវម្ហូបអាហារនោះយកទៅពិសាផងដែរ។
លោកសុខ លូបានបន្តទៀតថា នៅក្នុងពិធីបុណ្យម្ហូបអាហារនេះមិនមែនមានតែតាំង លក់នូវមុខម្ហូបអាហារតែប៉ុណ្ណោះនោះទេ ក៏មានការដាក់តាំងនូវផលិតផលរបស់ខ្មែរផងដែរ ក្រោមប្រធានបទភូមិមួយផលិតផលមួយ ហើយអនុញ្ញាតឲ្យប្រជាជននៅតាមភូមិ ឃុំ ស្រុក អាចយកស្នាដៃផលិតផលរបស់ខ្លួន មកដាក់តាំងបង្ហាញ ដើម្បីលើកតម្កើងខេត្តបាត់ដំបងយើង ឲ្យមានមុខមាត់ បង្ហាញនូវសក្ដានុពលរបស់ខេត្តបាត់ដំបង។
លោកបានលើកទឹកចិត្ត ដល់បងប្អូន ដែលរស់នៅក្នុងភូមិ ស្រុក ឃុំសង្កាត់ ក្រុង នៃខេត្តបាត់ដំបង អញ្ជើញចូលរួមឲ្យបានច្រើនកុះករក្នុងការបង្ហាញនូវមុខម្ហូប ប្រចាំតំបន់ភូមិសាស្ត្ររបស់ខ្លួន ដើម្បីបង្ហាញឲ្យបងប្អូនប្រជាពលរដ្ឋ នៅតាមតំបន់ផ្សេងៗនៅក្នុងខេត្តបាត់ដំបងក៏ដូចជាភ្ញៀវទេសចរ ដែលបានមកលេងកម្សាន្ត នៅក្នុងខេត្តបាត់ដំបងបានស្គាល់រសជាតិ៕