ក្រុមហ៊ុនចិនធំមួយប្រកាសឈានជើងចូលទីផ្សារកម្ពុជាជាមួយទុនវិនិយោគ១០០លានដុល្លារ

0

ដោយៈ គង់ សូរិយា
 ភ្នំពេញៈ ក្រុមហ៊ុនចិនធំមួយឈ្មោះADATA Technology Co., Ltd បាននិងកំពុងប្រកាសពីការឈានជើងចូលទីផ្សារកម្ពុជា ជាមួយនឹងការបោះទុន១០០លានដុល្លារអាមេរិក។

ក្នុងការរៀបចំសន្និសីទសារព័ត៌មាននេះ មានវត្តមានលោកស្រី នឹម វណ្ណៈ អគ្គនាយកក្រុមហ៊ុន ACE Group និងជាទីប្រឹក្សាច្បាប់នៅកម្ពុជា និងលោក ចិន ជៀន វិន (Chen Chien Wen) តំណាងក្រុមហ៊ុន ADATA Technology Co., Ltd ដែលបានដាក់ពាក្យសុំអាជ្ញាប័ណ្ណវិនិយោគកាបូន។ក្រុមហ៊ុន ADATA Technology Co., Ltd. ដែលគ្រោងនឹងវិនិយោគទំហំទឹកប្រាក់១០០លានដុល្លារនៅកម្ពុជា ដើម្បីបង្កើតរោងចក្រ​ធ្វើគ្រឿងអេឡិចត្រូនិច ដើម្បីផលិតUSB hard drive និងផលិតផលអេឡិចត្រូនិកផ្សេងៗទៀត ហើយគ្រោងនឹងនាំចេញផងដែរ ទៅអឺរ៉ុប ដើម្បីពង្រីកទីផ្សារ និងបង្កើនការងារជាច្រើនដល់ពលរដ្ឋខ្មែរដែលមានជំនាញរាប់ម៉ឺននាក់ ក្នុងប្រទេសកម្ពុជា។
លើសពីនេះ ក្រុមហ៊ុន ADATA Technology Co., Ltd. នឹងលើកទឹកចិត្តអ្នកផ្គត់ផ្គង់ឱ្យវិនិយោគ និងបង្កើតរោងចក្រក្នុងប្រទេសកម្ពុជា ជំរុញការសាងសង់សួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងបង្កើ​តខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញនៅកម្ពុជា ដែលនឹងបង្កើតការងាររាប់ម៉ឺនការងារបន្ថែមទៀត។ក្រុមហ៊ុន ADATA Technology Co., Ltd. ក៏បានប្រកាសផែនការវិនិយោគលម្អិតរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជាពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ រួមទាំងផែនការសាងសង់រោងចក្រ ធ្វើគ្រឿងអេឡិចត្រូនិច និងសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ។

លោកស្រី នឹម វណ្ណៈ បាននិយាយថា លោកស្រីស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ADATA Technology Co., Ltd.នៅកម្ពុជា ហើយក្រុមមេធាវីក៏កំពុងធ្វើការ លើនីតិវិធីច្បាប់ផងដែរសម្រាប់ ក្រុមហ៊ុនដើម្បីស្នើសុំអាជ្ញាប័ណ្ណវិនិយោគកាបូន។លោកស្រីបាន​ឲ្យ​ដឹង​ថា ការ​វិនិយោគ​របស់​ក្រុមហ៊ុន ADATA Technology Co., Ltd. នៅកម្ពុជា នឹងជំរុញការអភិវឌ្ឍន៍បន្ថែមទៀតនៃវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ និងបង្កើនប្រាក់ចំណូល ដល់ប្រជាជនកម្ពុជាគ្រប់កម្រិត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here